ប្រធានាធិបតីប្រទេសទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទ ថា កងជីវពលអង្គភាពការពារប្រជាជនឃឺដ-ស៊ីរី(YPG) ពុំមានកន្លែងនៅក្នុងប្រទេសស៊ីរីទេនៅពេលអនាគត ខណៈប្រទេសទួរគី នឹងបន្តប្រតិបត្តិការដាក់គោលដៅ ប្រឆាំងនឹងអង្គភាពនេះ។

ប្រទេសទួរគី ចាត់ទុកអង្គភាពការពារប្រជាជន(YPG) ថាជាផ្នែកបន្ថែមនៃក្រុមសកម្មប្រយុទ្ធ របស់គណបក្សពលករឃឺដ(PKK) ដែលបានប្រយុទ្ធក្នុងការបះបោរប្រឆាំងរដ្ឋទួរគីអស់រយៈពេល៤០ឆ្នាំ មកនេះ ហើយត្រូវបានទីក្រុងអង់ការ៉ា ទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ចាត់ទុកថាជាក្រុមភេរវករ ។

លោក Erdogan បាននិយាយថា ទីក្រុងអង់ការ៉ា បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំប្រទេសស៊ីរី លោក Ahmed al-Sharaa ហើយដំណើរទស្សនកិច្ចរបស់មន្ត្រីទួរគីទៅកាន់ប្រទេសស៊ីរីនឹងបន្ត បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បានជួបពិភាក្សានៅទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ។