ឧត្តរមានជ័យ៖ ដោយមើលឃើញពីបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងចំណុចភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នូវរដូវវស្សាម្តងៗ អាជ្ញាធរស្រុក សហការជាមួយកម្លាំងយុវជនបក្សស្រុក កម្លាំងយោធា និងប្រជាពលរដ្ឋ បាននាំគ្នាធ្វើស្ពានឈើថ្មីមួយកន្លែងនេះឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក្នុងមូលដ្ឋាន ។
លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា កន្លងមកស្ពានឈើមួយកន្លែងនេះ មានសភាពចាស់បាក់ទ្រុឌទ្រោមពិបាកធ្វើដំណើរឆ្លងកាត់ដោយសារតំបន់នេះ នៅរដូវវស្សាម្តងៗ មានប្រភពទឹកអូរហូរកាត់ច្រើនពលរដ្ឋមិនអាចឆ្លងកាត់ដោយការប្រថុយប្រថានបាននោះឡើយ គឺត្រូវធ្វើដំណើរជិះវាងផ្លូវចំណាយពេលវេលាយូរផងដែរ។
លោកអភិបាលស្រុក បានបន្ថែមទៀតថា អាជ្ញាធរស្រុក បានសហការជាមួយក្រុមការងារយុវជនបក្សស្រុក កងកម្លាំងយោធាកងពលលេខ៦ និងកម្លាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជាកម្លាំងស្នូលរឹងមាំបាននាំគ្នាធ្វើការកសាងស្ពានឈើមួយកន្លែងនេះឡើងវិញ ដើម្បីជាប្រយោជន៍សម្រួលដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕





