ការស៊ើបអង្កេតយោធាដែលចេញផ្សាយកាលពីថ្ងៃអង្គារ (២៤ ធ្នូ) បានរកឃើញថា សកម្មភាពរបស់យោធាអ៊ីស្រាអែល "ជះឥទ្ធិពល" នៅក្នុងកាលៈទេសៈមួយដែលជំរុញឱ្យពួកសកម្មប្រយុទ្ធហាម៉ាស សម្រេចចិត្តសម្លាប់ចំណាប់ថ្នូរ ៦នាក់ នៅក្នុងតំបន់ហ្កាហ្សា កាលពីខែសីហា។

ការរកឃើញសាកសពចំណាប់ថ្នូរអ៊ីស្រាអែល ៦នាក់ក្នុងខែកញ្ញា រួមទាំងជនជាតិអាមេរិក-អ៊ីស្រាអែលម្នាក់ បានបង្កឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងជំរុញឱ្យមនុស្សកន្លះលាននាក់ចេញតវ៉ាទាមទារឱ្យរដ្ឋាភិបាលចូលរួមកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។

អ្នកទាំង ៦នាក់ ដែលត្រូវចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងអំឡុងពេលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលនោះ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេល ៤៨ម៉ោងទៅ ៧២ម៉ោង ប៉ុណ្ណោះមុនពេលត្រូវកងកម្លាំងអ៊ីស្រាអែល រកឃើញ នេះបើយោងតាមការប៉ាន់ស្មានរបស់ក្រសួងសុខាភិបាល។

ការស៊ើបអង្កេតរកឃើញថា ចំណាប់ថ្នូរទាំងនោះត្រូវបានសម្លាប់ដោយអ្នកដែលឃុំខ្លួនពួកគេ ហើយសកម្មភាពរបស់យោធាអ៊ីស្រាអែល "នៅក្នុងតំបន់នេះ ទោះបីជាបន្តិចម្តងៗ និងមានការប្រុងប្រយ័ត្នក៏ដោយ ក៏នៅតែជះឥទ្ធិពលក្នុងកាលៈទេសៈមួយ" ដែលធ្វើឱ្យពួកសកម្មប្រយុទ្ធសម្រេចចិត្តអនុវត្តការសម្លាប់នេះ។ ការស៊ើបអង្កេតក៏បញ្ជាក់ថា យោធាមិនបានដឹងចារម្មសម្ងាត់ជាមុនពីវត្តមានរបស់ចំណាប់ថ្នូរទាំង ៦នាក់នៅក្នុងតំបន់នោះទេ៕