មន្ត្រីបីរូបរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដែលដឹងច្បាស់ពីបញ្ហាបាននិយាយថា អ៊ីស្រាអែល បានបរាជ័យក្នុងការបង្រ្កាបក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលវាយប្រហារលើក្បួនដឹកជញ្ជូនស្បៀងអាហារនៅតំបន់ហ្កាហ្សា ទោះបីជាមានការសន្យាថានឹងបង្ក្រាបកាលពីពាក់កណ្តាលខែតុលា ដើម្បីជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

ការប្តេជ្ញាចិត្ត ដែលបានធ្វើឡើង ហាក់ដូចជាការទម្លាយភាពទាល់ច្រកមួយ ព្រោះចាប់តាំងពីការចាប់ផ្តើមសង្រ្គាមក្នុងខែតុលា ឆ្នាំ២០២៣ សហគមន៍អន្តរជាតិបានព្យាយាមស្នើសុំការគាំទ្រពីអ៊ីស្រាអែល ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងដែនដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ។

ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅតែផ្តោតសំខាន់លើការប្រយុទ្ធរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស ហើយបានចាត់វិធានការតិចតួចប៉ុណ្ណោះប្រឆាំងក្រុមជនអន្ធពាលមួយចំនួនដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សា ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យកងកម្លាំងការពារជាតិ(IDF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលបានព្រមព្រៀង កាលពីខែតុលា និងអ្វី ដែលបានធ្វើដើម្បីទប់ស្កាត់ការចូលលួចស្បៀង។
អ្នកនាំពាក្យបាននិយាយថា អ៊ីស្រាអែល បានចាត់វិធានការសំខាន់ៗដើម្បីអនុញ្ញាតឱ្យមានវិសាលភាពធំនៃជំនួយចូលទៅដល់តំបន់ហ្កាហ្សា។
បច្ចុប្បន្ននេះ មន្ត្រីអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បាននិយាយថា អំពើហិង្សារបស់ក្រុមជនអន្ធពាល បានរាលដាលហួសពីការគ្រប់គ្រង ដោយបានធ្វើឱ្យជាប់គាំងការផ្គត់ផ្គង់ ដែលជនស៊ីវិលភាគច្រើន ក្នុងចំណោមជនស៊ីវិលតំបន់ហ្កាហ្សា២,១លាន ពឹងផ្អែកលើជំនួយដើម្បីរស់រានមានជីវិត។