អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃអង្គារ (២៤ ធ្នូ) ថា ប្រទេសចិន បានដាក់ការតវ៉ាតាមការទូតទៅសហរដ្ឋអាមេរិក ជុំវិញច្បាប់ស្តីពីសិទ្ធិការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដែលមានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់ដែលបង្កើនការចំណាយយោធាដល់ ៨៩៥ពាន់លានដុល្លារកាលពីថ្ងៃចន្ទ។

លោកស្រី Mao បានសង្កត់ធ្ងន់ថា ភាគីអាមេរិកបានបំភ្លើស "ការគំរាមកំហែងរបស់ចិន" ពីមួយឆ្នាំទៅមួយឆ្នាំ បំពានការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់ រំលោភអំណាចរដ្ឋ ដើម្បីគាបសង្កត់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន។

លោកស្រីបន្តថា ទង្វើរបស់អាមេរិក បានធ្វើឱ្យខូចអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ហើយបានបង្អាក់កិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគី ដោយព្រមានថា ទីក្រុងប៉េកាំង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារខ្លួន។

ការសម្រេចចិត្តបង្កើនការចំណាយខាងយោធានេះក៏បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅអាមេរិកផងដែរ ដោយសមាជិកសភាមួយចំនួន បានសម្តែងក្ដីបារម្ភចំពោះការបែងចែកថវិកាដ៏ច្រើនបែបនេះ ស្របពេលកំណើនបញ្ហាប្រឈមក្នុងស្រុក។ អ្នករិះគន់លើកឡើងថា ថវិកាការពារជាតិនេះបានក្លាយជាឧបករណ៍ឱ្យក្រុមហ៊ុនធំៗរកប្រាក់ចំណេញ ជាជាងបម្រើសេចក្តីត្រូវការរបស់ប្រទេសជាតិ៕