យានអវកាសអង្កេតព្រះអាទិត្យ ឈ្មោះ ផាកឃឺ សូឡា ប្រូប (Parker Solar Probe) របស់អង្គការណាសា (NASA) ត្រូវបានគេរំពឹងថានឹងបង្កើតប្រវត្តិសាស្ត្រ ដោយការហោះហើរចូលទៅក្នុងបរិយាកាសខាងក្រៅដ៏ក្ដៅរបស់ព្រះអាទិត្យ ហៅថាស្រទាប់កូរ៉ូណា នៅចម្ងាយជិតបំផុតមិនធ្លាប់មាន ក្នុងបេសកកម្មដើម្បីជួយអ្នកវិទ្យាសាស្ត្រស្វែងយល់បន្ថែមអំពីផ្កាយដែលនៅជិតបំផុតរបស់ផែនដីមួយនេះ។

លោក នីក ភីងឃីន (Nick Pinkine) អ្នកគ្រប់គ្រងប្រតិបត្តិការបេសកកម្មនៅមន្ទីរពិសោធន៍អនុវត្តរូបវិទ្យារបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (២៤ ធ្នូ) ថា "ពុំមានវត្ថុណាមួយដែលបង្កើតដោយមនុស្ស ធ្លាប់ឆ្លងកាត់ជិតព្រះអាទិត្យទេ ដូច្នេះយាន Parker នឹងពិតជាអាចនាំយកទិន្នន័យពីទីតាំងដែលមិនបានគ្រោងទុកជាច្រើន"។

យាន Parker បានស្ថិតលើផ្លូវហោះហើរ ៦,១លានគីឡូម៉ែត្រ ពីផ្ទៃព្រះអាទិត្យ នៅម៉ោង ១១:៥៣នាទី (ម៉ោងសកល) កាលពីថ្ងៃអង្គារ។ នៅថ្ងៃសុក្រ (២៧ ធ្នូ) ប្រតិបត្តិករបេសកកម្មនឹងអាចបញ្ជាក់ពីស្ថានភាពរបស់យាន បន្ទាប់ពីការហោះហើរជិតព្រះអាទិត្យដ៏ក្ដៅគគុកនេះ ដោយសារពេលនេះមិនទាន់អាចទាក់ទងបាននៅឡើយ។

ណាសាបាននិយាយលើគេហទំព័ររបស់ខ្លួនថា ដោយធ្វើដំណើរក្នុងល្បឿនរហូតដល់ ៦៩២.០០០គីឡូម៉ែត្រក្នុងមួយម៉ោង — ដែលឆ្ងាយគ្រប់គ្រាន់ក្នុងការហោះពីទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុងតូក្យូ ក្នុងពេលក្រោមមួយនាទី — យានអវកាសនេះនឹងស៊ូទ្រាំនឹងសីតុណ្ហភាពរហូតដល់ ៩៨២អង្សារសេ ក្នុងអំឡុងបេសកកម្មរបស់ខ្លួន៕