នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុចំនួន១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក បានមកពីទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានបង្កក ។

លោក Shmyhal បាននិយាយនៅក្នុងសារបង្ហោះនៅលើ បណ្តាញTelegram ថា «នេះគឺជាវគ្គទី១នៃចំនួនទឹកប្រាក់សរុបចំនួន២០ពាន់លានដុល្លារតាមការគ្រោងទុក ដែលសហរដ្ឋអាមេរិក រៀបចំបែងចែកតាមរយៈការប្រើប្រាស់ទ្រព្យសកម្មបង្កករបស់រុស្ស៊ី។
ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ក្រោយមកបានបញ្ជាក់ថា មូលនិធិត្រូវបានផ្តល់ជាជំនួយឥតសំណងក្រោមកម្ចីគោលនយោបាយអភិវឌ្ឍន៍មូលនិធិកំណើនទីពីរ (DPL) របស់ធនាគារពិភពលោក។

ជំនួយរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយ ធ្វើឡើងដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំងប្រាំពីរ (G7) ដែលគ្រោងទុកមុនចំនួន៥០ពាន់លានដុល្លារក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលបានមកពីការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសកម្មបង្កករបស់រុស្ស៊ី។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បណ្តាប្រទេស G7 បានបង្កកទ្រព្យសកម្មរបស់រុស្ស៊ីប្រហែល៣០០ពាន់លានដុល្លារ បន្ទាប់ពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។