យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ បានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន។
យោធាបានអះអាងថា មីស៊ីលនោះ «ត្រូវបានស្ទាក់ចាប់ មុនពេលឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែល»។
យោធាបានបន្ថែមថា ស៊ីរ៉ែនបានបន្លឺសំឡេង នៅទូទាំងភាគកណ្តាលអ៊ីស្រាអែល «ដោយសារតែលទ្ធភាពនៃអំបែងគ្រាប់មីស៊ីលដែលបានធ្លាក់ពីការស្ទាក់ចាប់នោះ។
Magen David Adom សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា ខ្លួនបានព្យាបាលមនុស្សយ៉ាងហោចណាស់ ៩នាក់ ដែលរងរបួស នៅពេលធ្វើដំណើរទៅកាន់ទីជម្រក។
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា ជាលើកទី ៥ ក្នុងរយៈពេលមួយសប្តាហ៍ ប្រជាជនអ៊ីស្រាអែលរាប់លាននាក់ ត្រូវបានបញ្ជូនទៅទីជម្រក នៅពេលដែលក្រុម សកម្មប្រយុទ្ធហ៊ួទី នៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារដោយមីស៊ីល។
កងកម្លាំងហ៊ួទី បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូននៅលើទឹកដីអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំមុន ដោយលើកឡើងពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បានសងសឹកនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាច្រើនលើកចុងក្រោយបំផុត ដែលបានកើតឡើងកាលពីសប្តាហ៍មុន។