អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមបន្ធូរបន្ថយខ្លះនូវការរឹតបន្តឹងដែលជាគោលការណ៍ដ៏តឹងតែងបំផុតរបស់ពិភពលោកនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយដកបម្រាមចេញពីកម្មវិធី WhatsApp និង Google Play ជាសញ្ញាមួយដែលអាជ្ញាធរចង់ធ្វើឲ្យគូប្រជែងក្នុងស្រុកស្ងប់ចិត្ត ខណៈដែលសាធារណរដ្ឋឥស្លាមមួយនេះប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងនយោបាយបរទេសធំៗ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋឥស្លាម (IRNA) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារ (ទី២៤ ខែធ្នូ) ក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រព័ន្ធអ៊ិនធឺណិតរបស់អ៊ីរ៉ង់ បានអនុម័តដកការហាមឃាត់លើ «កម្មវិធីបរទេសមួយចំនួនដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ» ដោយសារព័ត៌មាននេះបានលើកឡើងពី WhatsApp និង Google Play ថា ជាកម្មវិធី ២ដំបូងដែលត្រូវបានបើកឲ្យប្រើប្រាស់។
គួររំលឹកថា គិតចាប់តាំងពីមានការតវ៉ាឆ្នាំ២០០៩ ប្រឆាំងនឹងការជាប់ឆ្នោតឡើងវិញរបស់មេដឹកនាំដ៏រឹងរូស គឺលោក Mahmoud Ahmadinejad បណ្ដាញសង្គម ដែលរួមមាន Facebook, X និង YouTube ត្រូវបានហាមឃាត់ ឬរឹតបន្តឹងដោយអាជ្ញាធរដែលបានទម្លាក់កំហុសទៅលើបណ្ដាញសង្គមទាំងនោះថា បានសម្របសម្រួលដល់ការតវ៉ា និងជំរុញឲ្យមានការប្រឆាំងរដ្ឋ។
រដ្ឋាភិបាលរបស់អ៊ីរ៉ង់ បានប្រឈមនឹងការរិះគន់អស់ជាច្រើនឆ្នាំមកហើយពីសំណាក់ប្រជាជនអ៊ីរ៉ង់ទូទៅ រដ្ឋាភិបាលលោកខាងលិច អង្គការសហប្រជាជាតិ និងសកម្មជននយោបាយ ចំពោះគោលជំហរប្រកាន់តឹងរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត៕


