ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានប្រាប់ឲ្យដឹងថា ការទម្លាក់គ្រាប់បែកដោយកងទ័ពប៉ាគីស្ថាន នៅក្នុងខេត្ត Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ (ទី២៤ ខែធ្នូ) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី។
អ្នកនាំពាក្យរង លោក Hamdullah Fitrat នៅថ្ងៃពុធ (២៥ ខែធ្នូ) បាននិយាយថា ការទម្លាក់គ្រាប់បែកបានកើតឡើងនៅទីតាំងចំនួន៤ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ក៏មានមនុស្ស ៦នាក់ រងរបួសផងដែរ។ មន្ត្រីរដ្ឋាភិបាល និងយោធារបស់ប៉ាគីស្ថាន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក Enayatullah Khowrazmi បាននិយាយថា៖ «ប្រទេសអាហ្វហ្គានីស្ថានចាត់ទុកទង្វើដ៏ឃោរឃៅនេះថា ជាការរំលោភលើគោលការណ៍អន្តរជាតិទាំងអស់ និងជាទង្វើឈ្លានពានជាកស្ដែង។ រដ្ឋឥស្លាមនឹងមិនបណ្ដោយឲ្យអំពើដ៏កំសាកនេះកន្លងទៅដោយមិនមានការឆ្លើយតបនោះឡើយ»។
គួរបញ្ជាក់ថា ប្រទេសជិតខាងទាំង២ មាននូវទំនាក់ទំនងដ៏អាប់អួជាមួយគ្នា ដោយប៉ាគីស្ថានបានលើកឡើងថា ការវាយប្រហារជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធដែលបានកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន ត្រូវបានចាប់ផ្តើមចេញពីទឹកដីអាហ្វហ្គានីស្ថាន ជាការចោទប្រកាន់ដែលក្រុមតាលីបង់អាហ្វហ្គានីស្ថានបដិសេធ៕


