ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅថ្ងៃពុធ (ទី២៥ ខែធ្នូ) បាននិយាយថា ក្រុមសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសស៊ីរី នឹងត្រូវជ្រើសរើស រវាងព្រមទម្លាក់អាវុធចុះ ឬ «ការត្រូវបានកម្ចាត់ចោលតែម្ដង» ចំពេលមានអរិភាព រវាងយុទ្ធជនស៊ីរីគាំទ្រដោយទួរគី និងពួកសកម្មប្រយុទ្ធ ចាប់តាំងពីការដួលរលំនៃរបបរបស់លោក Bashar al-Assad ក្នុងខែនេះ។
បន្ទាប់ពីការធ្លាក់ចេញពីអំណាចរបស់លោក Assad ទីក្រុងអង់ការ៉ាបានលើកឡើងម្តងហើយម្តងទៀតថា កងជីវពលឃឺដ YPG ត្រូវតែរំលាយ ដោយអះអាងថា ក្រុមនេះមិនមានមុខនៅក្នុងអនាគតរបស់ស៊ីរីទេ។ ការផ្លាស់ប្តូរការដឹកនាំរបស់ស៊ីរី បានធ្វើឲ្យក្រុមឃឺដដ៏សំខាន់របស់ប្រទេសនេះស្ថិតក្នុងភាពមិនច្បាស់លាស់។

អំឡុងពេលថ្លែងទៅកាន់សមាជិកសភាមកពីគណបក្ស AK ដែលកំពុងកាន់អំណាចរបស់លោក នៅឯរដ្ឋសភា លោក Erdogan បានប្រាប់ថា៖ «ឃាតករផ្ដាច់ខ្លួន នឹងត្រូវលាគ្នាជាមួយអាវុធរបស់ពួកគេ ឬបើមិនដូច្នោះទេ ពួកគេនឹងត្រូវបានកម្ចាត់ឲ្យបាត់ឈ្មោះតែម្ដង នៅក្នុងដែនដីស៊ីរី ជាមួយនឹងអាវុធរបស់ពួកគេ»។
លោកបានបន្ថែមថា៖ «យើងនឹងលុបបំបាត់អង្គការភេរវជនដែលកំពុងព្យាយាមបង្កើតជញ្ជាំងបែងចែកសាច់ឈាម រវាងយើង និងបងប្អូនជនជាតិឃឺដរបស់យើង»។
គួរបញ្ជាក់ថា ប្រទេសទួរគីចាត់ទុកកងជីវពលឃឺដ YPG ពោលគឺជាសមាសភាគដ៏សំខាន់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលមានសម្ព័ន្ធមិត្តជាមួយអាមេរិកថា ជាអង្គភាពមានសម្ព័ន្ធដ៏ជិតស្និទ្ធជាមួយកងជីវពលមិនស្របច្បាប់ Kurdistan Workers Party (PKK) ដែលបានបះបោរប្រឆាំងនឹងរដ្ឋទួរគីតាំងពីឆ្នាំ១៩៨៤៕
