ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ នេះថា ក្រុមហ៊ុនបានរងការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ។ ការវាយប្រហារតាមអ៊ីនធឺណិត បានចាប់ផ្តើមនៅម៉ោង ៧:២៤នាទីព្រឹក ម៉ោងក្នុងស្រុក ហើយបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធខាងក្នុង និងខាងក្រៅរបស់ក្រុមហ៊ុន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់អំពីការវាយប្រហារនេះ ដោយក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និយាយថា បណ្តាញរបស់ខ្លួនស្ថិតនៅក្រោមការវាយប្រហារតាមអ៊ីនធឺណិត បង្កបញ្ហានៅក្នុងប្រព័ន្ធរបស់ខ្លួន ដែលគ្រប់គ្រងអីវ៉ាន់របស់អ្នកដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍និយាយថា ក្រុមហ៊ុនរំពឹងថា ភាពមិនប្រក្រតីនឹងធ្វើឲ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ហើយជើងហោះហើរមួយចំនួនកំពុងរងការពន្យារពេលរួចហើយ។ នៅក្នុងការអត្ថាធិប្បាយក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និយាយថា ក្រុមហ៊ុនបានសុំទោស ដល់អតិថិជន និងអ្នកផ្សេងទៀតដែលមានការព្រួយបារម្ភចំពោះភាពរអាក់រអួល។