ប្រជាជនស៊ីរី ជាច្រើនកំពុងប្រឈមមុខនឹងស្ថានភាពលំបាកជាងពេលមុនៗ ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនមានភាពតានតឹង ព្រោះសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ និងការដាក់ទណ្ឌកម្មពីលោកខាងលិច។

បន្ទាប់ពីការបណ្តេញរដ្ឋាភិបាលលោក Bashar al-Assad និងដោយសារបញ្ហាសន្តិសុខ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានបទពិសោធន៍ជាច្រើន បានចាកចេញពីប្រទេស ដែលបណ្តាលឱ្យមានកង្វះបុគ្គលិកដ៏រ៉ាំរ៉ៃ។ លើសពីនេះ កន្លែងថែទាំសុខភាពជាច្រើននៅទូទាំងប្រទេស ត្រូវបានខូចខាតដោយសារសង្គ្រាមដ៏ឃោរឃៅ។

ជាសំណាងល្អ មន្ទីរពេទ្យជាងពាក់កណ្តាលនៅតែដំណើរការនៅទូទាំងប្រទេស។ មន្ទីរពេទ្យរដ្ឋាភិបាលដ៏សំខាន់មួយក្នុងទីក្រុងដាម៉ាស បម្រើជាខ្សែជីវិតសម្រាប់ប្រជាជនស៊ីរី ដែលមិនមានលទ្ធភាពបង់ប្រាក់សម្រាប់ការថែទាំសុខភាព។ ប៉ុន្តែសេវារបស់មន្ទីរពេទ្យ ត្រូវបានប៉ះពាល់ដោយសារកង្វះធនធានដើម្បីទប់ទល់នឹងអ្នកជំងឺរាប់រយនាក់ដែលកំពុងស្វែងរកការព្យាបាល។
មន្ទីរពេទ្យនេះក៏ដូចជាកន្លែងថែទាំសុខភាពដទៃទៀតដែរ គឺខ្វះខាតថវិកា។ ឧបករណ៍វេជ្ជសាស្ត្រជាច្រើនមិនដំណើរការទេ ដោយសារគ្រឿងបន្លាស់ត្រូវបានដាក់នៅក្រោមទណ្ឌកម្មបរទេស។ ទោះបីជាសេវាមានកម្រិតក៏ដោយ មន្ទីរពេទ្យដាម៉ាសមួួយនេះ នៅតែជាសរសៃឈាមជីវិតដ៏សំខាន់សម្រាប់ប្រជាជនជាច្រើនទូទាំងរដ្ឋធានី៕