ប៉ៃលិន ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានទូលំទូលាយបន្ថែមទៀត ។
នេះជាការអំពាវនាវរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនក្នុងពិធីដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជម្រុញឲ្យមន្រ្តីនគរបាលប៉ុស្តិ៍តាមបណ្តោយព្រំដែន បន្តជួយផ្សព្វផ្សាយជូនចំពោះបងប្អូនពលករ មិនត្រូវប្រថុយប្រថានចូលក្នុងតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញ បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសោកស្តាយការក្រៀមក្រំ និងការអាណិតអាសូររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការគ្រោះថ្នាក់រហូតដល់ពិការដោយសារការលេងនិងគប់គ្រាប់របស់កុមារចំនួន ០៤ នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងនោះស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ០៣ នាក់ និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ចំនួន ០១នាក់។
ឯកឧត្តម ក៏បានជំរុញឲ្យអាណាព្យាបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់កូនៗ ដោយត្រូវណែនាំឲ្យមានប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅចៀសឲ្យឆ្ងាយពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងតំបន់សង្ស័យថាមានមីននិងគ្រាប់។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃដីបោសសម្អាតរួចបានប្រមាណ ១៤.៥ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២៤ ៧៩០ គ្រាប់ មីនតោនចំនួន ៧៣ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៨ ៩៣០គ្រាប់ និងផ្ទៃដីដែលនៅសល់ប្រមាណជាង ១.៦ គីឡូម៉ែត្រក្រឡា។
យោងតាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ៤៤៦ នាក់ ស្មើនឹង ៣១% នៃជនរងគ្រោះទូទាំងខេត្តប៉ៃលិន ក្នុងនោះដោយសារមីន ៣៨៩ នាក់ និងគ្រាប់ ៥៧ នាក់៕




