លោក ឈិន ពីនហ័រ (Chen Binhua) អ្នកនាំពាក្យប្រទេសចិន របស់ក្រុមប្រឹក្សារដ្ឋនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធ (២៥ ធ្នូ) ថា របាយការណ៍អំណាចយោធាចិនឆ្នាំ២០២៤ ដែលចេញផ្សាយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក មានចេតនាបង្កអរិភាព និងភាពតានតឹងទូទាំងច្រកសមុទ្រ។

ក្រសួងការពារជាតិអាមេរិក បានចេញផ្សាយរបាយការណ៍នេះកាលពីថ្ងៃទី១៨ ខែធ្នូ ដោយអះអាងថា កងទ័ពរំដោះប្រជាជនចិន PLA "អាចធ្វើយុទ្ធនាការជាច្រើន" ដើម្បី "បង្ខំ" អាជ្ញាធរតៃវ៉ាន់ "ទៅកាន់តុចរចា" ដែល "បានបន្តបង្កើនផ្នត់គំនិត និងសមត្ថភាពមិនស៊ីមេទ្រីរបស់តៃវ៉ាន់ ដើម្បីប្រឆាំងនឹង" អ្វីដែលគេហៅថា "ការគំរាមកំហែង" ពីយោធាចិន។

លោក Chen និយាយថា "របាយការណ៍ចេញផ្សាយដោយភាគីអាមេរិកនោះ មានចេតនាបង្កអរិភាព និងការខឹងសម្បារឆ្លងច្រកសមុទ្រ ហើយញុះញង់កោះតៃវ៉ាន់ ឱ្យទិញសព្វាវុធបន្ថែមដើម្បីត្រៀមធ្វើសង្គ្រាម ហើយយើងសូមថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់"។

លោក Chen សង្កត់ធ្ងន់ថា មានប្រទេសចិន តែមួយគត់នៅលើពិភពលោក ហើយកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន។ លោកថា ភាគីចិនទាមទារឱ្យអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក បញ្ឈប់ការបំភាន់បញ្ហាទាក់ទងនឹងតៃវ៉ាន់ និងឈប់បញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់៕