ភាពចលាចលនយោបាយកាន់តែជ្រៅឡើង បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ខណៈវិនិយោគិនអន្តរជាតិកំពុងលក់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងប្រទេសនេះ។

យោងតាមទិន្នន័យពីស្ថានប័នប្ដូរប្រាក់កូរ៉េ (Korea Exchange) ចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានឱ្យដឹងថា ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី Yoon Suk-yeol នៅដើមខែនេះ វិនិយោគិនបរទេសបានដកខ្លួនចេញពីទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង យ៉ាងឆាប់រហ័ស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែធ្នូ ជាមួយនឹងការលក់ទ្រព្យអនឡាញជាង ៣សែនកោដិ៍វ៉ុន ក្នុងពេល ១៣ថ្ងៃនៃការជួញដូរ។

នៅថ្ងៃទី០៤ ខែធ្នូ ដែលជាថ្ងៃជួញដូរដំបូងបន្ទាប់ពីច្បាប់អាជ្ញាសឹក ការលក់មូលធនបរទេសបានឈានដល់ ៤០,៧៩ពាន់លានវ៉ុន។ នៅទីផ្សារប្តូរប្រាក់បរទេស ប្រាក់វ៉ុនរបស់កូរ៉េក៏ត្រូវលក់ចេញជាច្រើនផងដែរ ហើយនៅពេលបិទការជួញដូរកាលពីថ្ងៃអង្គារ (២៤ ធ្នូ) ប្រាក់វ៉ុនរបស់កូរ៉េ បានធ្លាក់មកត្រឹម ១.៤៥៦,៤វ៉ុន ក្នុងមួយដុល្លារអាមេរិក។

ការស្ទង់មតិពីសហព័ន្ធអាជីវកម្មខ្នាតតូច និងមធ្យមកូរ៉េ (KBIZ) បង្ហាញថា ភោជនីយដ្ឋាន និងសណ្ឋាគារចំនួន ៤៦,៩% ដែលបានស្ទង់មតិ មើលឃើញការលុបចោលព្រឹត្តិការណ៍ចុងឆ្នាំភ្លាមៗ ឬការខាតបង់ប្រភេទផ្សេងទៀត បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅថ្ងៃទី០៣ ខែធ្នូ។ ក្នុងចំណោមក្រុមហ៊ុនដែលមិនរងផលប៉ះពាល់ដោយផ្ទាល់ពីភាពចលាចលផ្នែកនយោបាយនេះ ចំនួន ៤៦,៦% បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការនាពេលអនាគតរបស់ពួកគេ៕