មនុស្សម្នាជាច្រើនដែលពោរពេញដោយភាពក្រៀមក្រំ បានចូលរួមការអធិស្ឋានកាន់ទុក្ខ នៅថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) នេះ ខណៈពិធីបានចាប់ផ្តើមនៅទូទាំងទ្វីបអាស៊ី ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធមនុស្ស ២២០.០០០នាក់ ដែលបានស្លាប់កាលពី ២ទសវត្សរ៍មុន នៅពេលដែលរលកយក្សស៊ូណាមិ វាយប្រហារឆ្នេរជុំវិញមហាសមុទ្រឥណ្ឌា ក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩,១រ៉ិចទ័រ នៅភាគខាងលិចឥណ្ឌូនេស៊ី បានបង្កើតជារលកយក្សធំៗជាបន្តបន្ទាប់ ដែលបានវាយលុកឆ្នេរនៃប្រទេសចំនួន១៤ ចាប់ពីឥណ្ឌូនេស៊ី ទៅដល់សូម៉ាលី។

នៅក្នុងខេត្ត Aceh របស់ឥណ្ឌូនេស៊ី ជាទីដែលមនុស្សជាង ១០០.០០០នាក់បានស្លាប់ ស៊ីរ៉ែនបានបន្លឺឡើងនៅវិហារ Baiturrahman Grand ដើម្បីចាប់ផ្តើមពិធីអធិស្ឋានជាបន្តបន្ទាប់ជុំវិញតំបន់ រួមទាំងនៅស្រីលង្កា ឥណ្ឌា និងថៃ ដែលរលកយក្សស៊ូណាមិ បានវាយប្រហារប៉ុន្មានម៉ោងក្រោយមក។

អ្នកកាន់ទុក្ខខ្លះបានអង្គុយយំនៅឯផ្នូរដ៏ធំ Ulee Lheue នៃខេត្ត Aceh ជាទីដែលសាកសពប្រហែល ១៤.០០០នាក់ត្រូវបានកប់ ខណៈភូមិខ្លះបានធ្វើការបន់ស្រន់តាមបែបសាសនារបស់ពួកគេជុំវិញខេត្ត ជាការរំលឹក និងចងចាំពីសោកនាដកម្មដែលបានបំផ្លិចបំផ្លាញសហគមន៍ទាំងមូល៕