មេធាវីរបស់អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទបះបោរ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) នេះថា ក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លី ដែលដាក់កាលពីដើមខែនេះ គឺដើម្បីលើកកម្ពស់ការព្រមានឱ្យប្រុងប្រយ័ត្ន ពីការរំលោភបំពានរបស់បក្សប្រឆាំង ចំពោះដំណើរការប្រជាធិបតេយ្យ។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក គីម យ៉ុង-ហ្យុន (Kim Yong-hyun) គឺជាមន្ត្រីដំបូងគេដែលត្រូវចាប់ខ្លួន ហើយទំនងជាអ្នកដំបូងគេដែលប្រឈមការចោទប្រកាន់ ដែលថាលោកជាឥស្សរជនសំខាន់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី០៣ ខែធ្នូ។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ មេធាវីពីររូបសម្រាប់លោក Kim បានបញ្ជាក់បន្ថែមពីលើអំណះអំណាងជាច្រើន ដែលធ្វើឡើងដោយលោក Yoon បន្ទាប់ពីការប្រកាសនោះថា នេះជាការសម្រេចចិត្តចាំបាច់មួយដើម្បីលុបបំបាត់ធាតុប្រឆាំងរដ្ឋ ដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។
លោក Kim ដែលបានប៉ុនប៉ងធ្វើអត្តឃាតក្នុងពេលកំពុងឃុំខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ធ្លាប់បាននិយាយថា លោកទទួលខុសត្រូវទាំងស្រុងចំពោះក្ដីបារម្ភដែលបង្កឡើងដោយក្រឹត្យច្បាប់អាជ្ញាសឹក ប៉ុន្តែបានអះអាងថា ការស៊ើបអង្កេតប្រឆាំងនឹងរូបលោក និងប្រធានាធិបតីគឺជារឿងខុសច្បាប់៕

