កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃពុធ (២៥ ធ្នូ) ថា ខ្លួនមានបំណងសាងសង់ប៉ុស្តិ៍យោធាបណ្តោះអាសន្ន ដើម្បីធានាប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែល អំឡុងរដូវរងារនេះ ក្នុងតំបន់ទ្រនាប់គ្មានយោធា នៅតំបន់ខ្ពង់រាប ហ្គូឡាន់ (Golan Heights) ភាគខាងត្បូងស៊ីរី នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។
បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar al-Assad កាលពីដើមខែធ្នូ យោធាអ៊ីស្រាអែល បានដណ្តើមយកតំបន់ទ្រនាប់ ដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ Golan ជាទីដែលខ្លួនអះអាងថានឹងពង្រីកការតាំងទីលំនៅ ក្នុងជំហានមួយទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ។

ថ្មីៗនេះ អង្គការសហប្រជាជាតិ បានរិះគន់ការកាន់កាប់របស់អ៊ីស្រាអែល លើតំបន់ទ្រនាប់នោះ ដោយនិយាយថា "ខ្លួនបន្តចាត់ទុកតំបន់ Golan ជាទឹកដីកាន់កាប់របស់ស៊ីរី"។ ទោះជាយ៉ាងនេះក្ដី មិនយូរប៉ុន្មានបន្ទាប់ពីការកាន់កាប់តំបន់ទ្រនាប់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាឱ្យយោធា "ត្រៀមខ្លួនដើម្បីបន្តស្ថិតនៅ" ពេញមួយរដូវរងា។
ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានដកស្រង់សម្តីក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលនិយាយកាលពីថ្ងៃពុធថា កងកម្លាំងអ៊ីស្រាអែល បានវាយរុលបន្ថែមទៀតចូលទៅស៊ីរី នៅកន្លែងជាច្រើនហួសពីតំបន់ទ្រនាប់នៅទឹកដីកាន់កាប់ Golan៕

