ប្រទេសលីប៊ី បាននិរទេសជនអន្តោប្រវេសន៍មួយក្រុម ទៅកាន់ប្រទេសនីហ្សេ តាមផ្លូវគោក កាលពីថ្ងៃពុធ ដែលជាការនិរទេសជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមនាយកដ្ឋានត្រួតពិនិត្យទេសន្តរប្រវេសន៍ខុសច្បាប់របស់ប្រទេសលីប៊ី។
នាយកដ្ឋាននេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា ការនិរទេសនេះ បានធ្វើឡើង ដោយមានវត្តមានរបស់ភារធារីនីហ្សេប្រចាំប្រទេសលីប៊ី។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ត្រូវបាននិរទេសឆ្លងកាត់ព្រំដែនគោក ជាមួយប្រទេសនីហ្សេ«ជុំវិញការរំលោភលើច្បាប់លីប៊ីជាធរមាន» បន្ទាប់ពីបានបញ្ចប់នីតិវិធីចាំបាច់។ សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា ការនិរទេសជនអន្តោប្រវេសន៍ពីលីប៊ី ទៅកាន់ប្រទេសដើមរបស់ពួកគេ នឹងបន្ត។
ប្រទេសលីប៊ី បានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីទ្វីបអាហ្រ្វិក ស្វែងរកការទៅដល់អឺរ៉ុបតាមសមុទ្រ បន្ទាប់ពីការទម្លាក់អតីតមេដឹកនាំរបស់ខ្លួន គឺលោក Muammar Gaddafi ក្នុងឆ្នាំ ២០១១ បានធ្វើឲ្យប្រទេសនេះ ធ្លាក់ក្នុងភាពវឹកវរ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍ចំនួន ៧៨៧.៣២៦ នាក់នៅក្នុងប្រទេសលីប៊ី ដោយមាន ៤១ ភាគរយនៃពួកគេ បានរាយការណ៍ថា ពួកគេបានជួបប្រទះនូវភាពតក់ស្លុត ដូចជាបញ្ហាបរិស្ថាន នយោបាយ ឬសេដ្ឋកិច្ច មុនពេលធ្វើដំណើរទៅកាន់ប្រទេសលីប៊ី។