នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានកាលពីថ្ងៃពុធថា កងកម្លាំងហ៊ួទីនៅក្នុងប្រទេសយេម៉ែន នឹងប្រឈមមុខនឹងលទ្ធផលស្រដៀងគ្នា ទៅនឹងក្រុមប្រឆាំងអ៊ីស្រាអែលផ្សេងទៀត ដែលបានជួបប្រទះ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយថា៖«ក្រុមហ៊ួទីក៏នឹងរៀននូវអ្វីដែលក្រុមហាម៉ាស ក្រុមហេសបូឡា របបលោក អាសាដ និងអ្នកផ្សេងទៀត បានរៀន ហើយទោះបីជាវាត្រូវការពេលវេលាក៏ដោយ មេរៀននេះ នឹងត្រូវបានយល់ នៅទូទាំងមជ្ឈិមបូព៌ា»។
កាលពីព្រឹកថ្ងៃពុធ កងកម្លាំងហ៊ួទី បានបាញ់មីស៊ីលពីដីទៅដី ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល រយៈពេលពីរថ្ងៃជាប់ៗគ្នា។ នៅពេលល្ងាច ពួកគេ បានបាញ់យានដ្រូនមួយគ្រឿង ដែលធ្លាក់ចូលទៅក្នុងទីវាលមួយ កន្លែង នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
តាមសេចក្តីរាយការណ៍ អ៊ីស្រាអែលកំពុងថ្លឹងថ្លែងពីការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយប្រឆាំងនឹងកងកម្លាំងហ៊ួទី នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីមានការបាញ់មីស៊ីលសងសឹកជាបន្តបន្ទាប់ និងយានដ្រូន ដែលគេសន្មតថា ជារបស់ក្រុមហ៊ួទី។
កាលពីថ្ងៃអង្គារ ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា យោធាបាននិងកំពុងរៀបចំសម្រាប់ប្រតិបត្តិការដ៏មានសក្តានុពល។ ដោយបានដកស្រង់សម្តីមន្ត្រីសន្តិសុខជាន់ខ្ពស់ ទូរទស្សន៍ Kan TV បាននិយាយថា កងកម្លាំងអាកាសអ៊ីស្រាអែល និងអគ្គនាយកដ្ឋានស៊ើបការណ៍យោធា និងប្រតិបត្តិការ បាននិងកំពុង «បង្កើតផែនការកាន់តែខ្លាំងក្លា និងពង្រីកមូលដ្ឋានទិន្នន័យគោលដៅ» នៅទូទាំងប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន។