រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី លោក Alexander Kurenkov បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា លក្ខខណ្ឌអាកាសធាតុដែលមានគ្រោះថ្នាក់ នឹងកាន់តែខ្លាំងឡើង នៅពេលអនាគត ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យគ្រោះមហន្តរាយធម្មជាតិ កាន់តែកើតមានឡើងញឹក ញាប់។
លោក បាននិយាយថា៖«ការព្យាករណ៍របស់យើង គឺផ្អែកលើទិន្នន័យដែលផ្តល់ដោយសេវាសហព័ន្ធរុស្សីសម្រាប់ឧតុនិយម និងការត្រួតពិនិត្យបរិស្ថាន។ អ្នកឯកទេស បានកត់សំគាល់ថា ចំនួននៃលក្ខខណ្ឌអាកាសធាតុដែលអាចមានគ្រោះថ្នាក់ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសន្មតថា និន្នាការនេះឈានទៅការប្រែប្រួលអាកាសធាតុ។ នេះជាលទ្ធផល នឹងធ្វើឲ្យគ្រោះធម្មជាតិ កើតឡើងកាន់តែញឹកញាប់»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ភាពខុសប្រក្រតីនៃអាកាសធាតុ ដូចជាអាកាសធាតុត្រជាក់ខុសពីធម្មតា ឬក្តៅខ្លាំង ភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ព្យុះព្រិល ទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងកើតមានជាបន្តបន្ទាប់។

