បាល់ទាត់៖ លោក Nuno Espirito Santo ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការរបស់ក្លិប Tottenham Hotspur ហើយនៅថ្ងៃចន្ទម្សិលមិញនេះក្រោយដឹកនាំបានត្រឹម ៤ខែ។ ជាមួយគ្នានោះដែរបេក្ខភាពបន្តតំណែងលោក Antonio Conte ត្រូវបានគេដឹងថាបានមកដល់ទឹកដីទីក្រុងឡុងដ៍ហើយដើម្បីចរចា។

Spurs បានរងបរាជ័យ ៥ ក្នុងចំណោម ៧ប្រកួតចុងក្រោយធ្លាក់ខ្លួនដល់លេខ ៨ ក្នុងតារាងតាមពីក្រោយក្រុមកំពូលតារាង Chelsea ១០ពិន្ទុ។ បុរសវ័យ ៤៧ឆ្នាំរូបនេះត្រូវបានតែងតាំងឱ្យដឹកនាំ Spurs កាលពីខែមិថុនាកន្លងទៅជាមួយនឹងកិច្ចសន្យា ២ឆ្នាំ ក្រោយចំណាយពេល ៤ឆ្នាំជាមួយ Wolverhampton។ បរាជ័យរបស់ Spurs ចុងក្រោយបំផុតគឺចាញ់បិសាចក្រហម Manchester United ៣-០ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍ ហើយសរុបស្ថិតិដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះរួមមានឈ្នះ ៨ប្រកួត ស្មើ២ និងចាញ់ ៧ប្រកួត។ អតីតអ្នកចាត់ការ Chelsea លោក Antonio Conte ត្រូវបានគេដឹងថា ជាបេក្ខភាពឈានមុខគេក្នុងការត្រលប់មកដឹកនាំនៅទឹកដីទីក្រុងឡុងដ៍សារជាថ្មី។
បន្ទាប់ពីបញ្ចប់តំណែងលោក Jose Mourinho, Spurs ក៏ធ្លាប់បានចរចាជាមួយលោក Antonio Conte ដែរតែមិនត្រូវរ៉ូវគ្នា។ រំលឹកថា លោក Antonio Conte ធ្លាប់ដឹកនាំនៅអង់គ្លេសពីឆ្នាំ២០១៤-១៦ ជួយ Chelsea លើកពាន English Premier League មុនពេលចាកចេញទៅកាន់ Inter Milan ដែលលោកបានដឹកនាំក្រុមឈ្នះពាន Italia Serie A រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ