កងកម្លាំងយោធា ត្រូវបានបញ្ជូនដោយក្រុម Hayat Tahrir al-Sham (HTS) កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែ ធ្នូ ទៅកាន់ទីក្រុង Homs ទីក្រុងTartous និងទីក្រុងLatakia ជាកន្លែងដែលមានការតវ៉ាជាច្រើន នៅតាមដងផ្លូវ ដើម្បីថ្កោលទោសការដុតទីសក្ការបូជា Alawite ក្នុងទីក្រុង Aleppo ។
សមាជិកក្រុមជនជាតិភាគតិច Alawite ដែលជាសាខានៃសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសស៊ីរី ដឹកនាំដោយ លោក Assad ដោយគ្រប់គ្រងលើកងកម្លាំងសន្តិសុខដែលលោកបានប្រើប្រាស់ប្រឆាំងគូប្រជែងរបស់លោកក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល១៣ឆ្នាំមកនេះ និងដើម្បីបង្ក្រាបការមិនចុះសម្រុងក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃការបង្ហូរឈាម ដោយនគរបាលរដ្ឋរបស់លោក។
ការតវ៉ារបស់ក្រុម Alawite បានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេសស៊ីរី បន្ទាប់ពីវីដេអូដែលពុំបានបញ្ជាក់ពីកាលបរិច្ឆេទ បង្ហាញពីការដុតទីសក្ការៈបូជា Alawite ក្នុងទីក្រុង Aleppo ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម។
អ្នកគ្រប់គ្រង លោក Ahmed al-Sharaa បានប្រាប់ក្រុមជនជាតិភាគតិច Alawites និងក្រុមផ្សេងទៀតថា ពួកគេនឹងមានសុវត្ថិភាពនៅក្នុងប្រទេសស៊ីរីថ្មីគ្រប់គ្រងដោយក្រុម HTS របស់លោក ដែលជាអតីតសាខារបស់ក្រុមអាល់កៃដា។
បាតុកម្មជាច្រើន បានកើតឡើងនៅក្នុងពេលដែលវីដេអូ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្ហាញពីអគ្គិភ័យឆេះនៅខាងក្នុងទីសក្ការៈបូជា Alawite ក្នុងទីក្រុង Aleppo ដោយមានជនប្រដាប់អាវុធ ដើរចុះឡើងនៅខាងក្នុង។

