ក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានប្តេជ្ញាបើកការវាយប្រហារសងសឹកទៅលើទីក្រុងនានារបស់អ៊ីស្រាអែល បន្ទាប់ពីមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើរដ្ឋធានីសាណា ប្រទេសយេម៉ែន និងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeida កាលពីថ្ងៃព្រហស្បតិ៍។

ទូរទស្សន៍ al-Masirah TV របស់ក្រុមហ៊ូទី បានរាយការណ៍ថា ការវាយប្រហារ បានបំផ្លាញឧបករណ៍ចាប់សញ្ញា និងប៉មទីបញ្ជានៅអាកាសយានដ្ឋាន។ វីដេអូ ដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីការផ្ទុះ និងអ្នកដំណើរភ័យស្លន់ស្លោរត់គេចខ្លួនចេញ ខណៈមានផ្សែងខ្មៅហុយចេញពីអគារអាកាសយានដ្ឋាន។
កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយនៅលើបណ្តាញ X ថា បុគ្គលិករបស់ខ្លួនម្នាក់បានរងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុ ហើយកំពុងទទួលការព្យាបាល។
ការវាយប្រហារតាមអាកាស បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនៃការកើនឡើងនៃអរិភាព ដោយក្រុម ហ៊ូទី បានបាញ់រ៉ុក្កែត និងការវាយប្រហារដោយយានដ្រូនទៅលើទីក្រុង Tel Aviv និងទីក្រុង Ashkelon របស់អ៊ីស្រាអែល។
