ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) នេះ បាននិយាយថា ប្រទេសអ៊ុយក្រែន ដែលជាអ្នកផលិត និងអ្នកនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជប្រេងពិភពលោក បានបញ្ជូនជំនួយស្បៀងអាហារដំបូងរបស់ខ្លួនទៅកាន់ប្រទេសស៊ីរី។
លោក Zelenskiy បានប្រាប់ថា ម្សៅស្រូវសាលី ៥០០តោន បាន និងកំពុងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ជាផ្នែកនៃគំនិតផ្តួចផ្តើមមនុស្សធម៌របស់អ៊ុយក្រែនឈ្មោះ «Grain from Ukraine» (គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន) ដែលជាកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។
តាមរយៈបណ្ដាញសង្គម X លោក Zelenskiy បានរៀបរាប់ថា៖ «ម្សៅស្រូវសាលីនេះត្រូវបានគ្រោងនឹងចែកចាយដល់មនុស្សចំនួន ៣៣.២៥០គ្រួសារ ឬ ១៦៧.០០០នាក់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកបានបន្ថែមទៀតថា៖ «កញ្ចប់នីមួយៗ មានទម្ងន់ ១៥គីឡូក្រាម ហើយអាចចិញ្ចឹមគ្រួសារ ៥នាក់ ក្នុងរយៈពេល ១ខែ»។
គួរបញ្ជាក់ថា បន្ទាប់ពីការធ្លាក់ចេញពីអំណាចរបស់លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី អ៊ុយក្រែនបាននិយាយថា ខ្លួនចង់ស្តារទំនាក់ទំនងជាមួយស៊ីរីឡើងវិញ។ ទីក្រុងគីវ ជាប្រពៃណីនាំចេញស្រូវសាលី និងពោតទៅកាន់ប្រទេស នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមិនមែនស៊ីរីនោះទេ។
ក្នុងសម័យគ្រប់គ្រងរបស់លោក Assad ស៊ីរីបាននាំចូលអាហារពីរុស្ស៊ី។ ប៉ុន្តែប្រភពពីរុស្ស៊ី និងស៊ីរី បានប្រាប់ឲ្យដឹងនៅដើមខែនេះថា ការផ្គត់ផ្គង់ស្រូវសាលីរបស់រុស្ស៊ីដល់ស៊ីរី ត្រូវបានផ្អាកដោយសារតែភាពមិនប្រាកដប្រជា៕