អាជ្ញាធរសុខាភិបាល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ បានវាយឆ្មក់លើមន្ទីរពេទ្យ Kamal Adwan ជាអគារមន្ទីរពេទ្យមួយកន្លែងក្នុងចំណោមអគារមន្ទីរពេទ្យចំនួន៣កន្លែង នៅជាយភាគខាងជើងតំបន់ហ្កាហ្សា ដោយបានបញ្ជាឱ្យអ្នកជំងឺរាប់សិបនាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតជម្លៀសខ្លួនចេញ ហើយទុកឱ្យផ្នែកមួយនៃអគារត្រូវអគ្គិភ័យឆាបឆេះ។
ក្រុមគ្រូពេទ្យសង្គ្រោះបឋម និងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិល បាននិយាយថា នៅកន្លែងផ្សេងទៀតក្នុងហ្កាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ រួមទាំងមនុស្ស១៥នាក់នៅក្នុងលំនៅឋានតែមួយ ក្នុងទីក្រុងហ្កាហ្សា។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថាទំនាក់ទំនងជាមួយបុគ្គលិកនៅក្នុងមន្ទីរពេទ្យ ក្នុងក្រុង Beit Lahiya ដែលស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីកងកម្លាំងអ៊ីស្រាអែលរយៈពេលជាច្រើនសប្តាហ៍មកនេះ ត្រូវបានកាត់ផ្តាច់។
វេជ្ជបណ្ឌិត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងកាន់កាប់ កំពុងនៅខាងក្នុងមន្ទីរពេទ្យនៅពេលនេះ ហើយពួកគេកំពុងដុតអគារ» ។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានព្យាយាមកំណត់ការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបាន សម្របសម្រួលក្នុងការជម្លៀសជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យដោយសុវត្ថិភាព មុនពេលធ្វើប្រតិបត្តិការ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលនិយាយថា អ្នកប្រយុទ្ធមកពីក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកាលពីពេលមុនបានគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើប្រតិបត្តិការចេញពីមន្ទីរពេទ្យ ហើយបានយកទីតាំងនេះធ្វើជាទីតាំងលាក់ខ្លួនដ៏សំខាន់។