យុទ្ធជននៃកងពលតូច Khaled ដែលជាផ្នែកមួយនៃក្រុម Hayat Tahrir al-Sham របស់ប្រទេសស៊ីរី (HTS) បានរៀបចំក្បួនព្យុហយាត្រាយោធានៅទីក្រុងដាម៉ាស កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ បន្ទាប់ពីការទម្លាក់តំណែងប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។
សមាជិកក្រុម HTS លោក Abu Hamza al-Hamawi បាននិយាយថា «យើងនៅទីនេះ ផ្តល់សន្តិសុខសម្រាប់ប្រទេសស៊ីរី ហើយវានឹងគ្មានបញ្ហាអ្វីកើតឡើងនោះទេ»។
ក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) បានដឹកនាំយុទ្ធនាការដែលបានទម្លាក់តំណែង លោក Assad ក្នុងខែនេះ។
ក្រុមអ្នកប្រយុទ្ធស៊ីរី បានដណ្តើមការគ្រប់គ្រងទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ដោយបង្ខំឱ្យលោក Bashar al-Assad ភៀសខ្លួនចេញ បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលជាង១៣ឆ្នាំ និងបានបញ្ចប់ការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់គ្រួសារលោក។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែរ ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានលើកឡើងពីដំណើរវិវត្តន៍សំខាន់ៗនៅក្នុងប្រទេសស៊ីរី អំឡុងជំនួបវិសាមញ្ញរបស់ពួកគេ ដែលបានរៀបចំឡើងនៅក្នុងប្រទេសគុយវែត។ អគ្គលេខាធិការ ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) លោក Jassim Al-Budaiwi បាន សង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាពស៊ីរី បូរណភាពទឹកដីស៊ីរី និងច្រានចោលការជ្រៀតជ្រែករបស់បរទេស។
ក្រុមរដ្ឋមន្រ្តី បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើស៊ីរី រួមទាំងការកាន់កាប់តំបន់ទ្រនាប់ និងការពង្រីកទីតាំងឈរជើងរបស់ពួកគេនៅតំបន់ខ្ពង់រាប Golan។