ជនអន្តោប្រវេសន៍ដែលមានគោលដៅទៅភាគខាងជើងនៃប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃសុក្រ (២៧ ធ្នូ) ថា ពួកគេភ័យខ្លាចការនិរទេស ខណៈដែលរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក បានសាទរចំពោះយុទ្ធសាស្ត្រទេសន្តរប្រវេសន៍ដែលបណ្តាលឲ្យមានការថយចុះនៃលំហូរជនអន្តោប្រវេសន៍ ទៅកាន់សហរដ្ឋអាមេរិក។
កងកម្លាំងសន្តិសុខម៉ិកស៊ិក បានឃាត់ខ្លួនជនអន្តោប្រវេសន៍មិនទៀងទាត់ប្រហែល ៤៧៥.000 នាក់ ចាប់តាំងពីខែតុលាមក អាជ្ញាធរ បាននិយាយកាលពីថ្ងៃសុក្រ (២៧ ធ្នូ) ខណៈដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានគំរាមកំហែងម៉ិកស៊ិកជាមួយនឹងពន្ធគយ ប្រសិនបើមិនបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែន។
ជនអន្តោប្រវេសន៍ជិតកន្លះលាននាក់ ត្រូវបានឃុំខ្លួននៅចន្លោះថ្ងៃទី ០១ ខែតុលា ដល់ថ្ងៃទី ២៦ ខែធ្នូ ដែលបង្ហាញពីវិធានការកាន់តែខ្លាំងឡើង ឆ្ពោះទៅរកដំណាច់ឆ្នាំ។ រដ្ឋាភិបាល បានរាយការណ៍កាលពីដើមខែនេះថា ចាប់តាំងពីដើមឆ្នាំមក ជនអន្តោប្រវេសន៍ប្រមាណ ៩០០.000នាក់ ត្រូវបានឃាត់ខ្លួន។
រដ្ឋមន្ត្រីការបរទេសលោក Juan Ramon de la Fuente បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រថា៖«យើងគិតថា វាជាគំរូដែលកំពុងដំណើរការ វាអាចត្រូវបានកែលម្អ ប៉ុន្តែបានឆ្លើយតបយ៉ាងពេញចិត្តចំពោះបញ្ហានេះ»។

