កាលពីថ្ងៃសៅរ៍ម្សិលមិញ ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែរក្បួនតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងការដោះស្រាយជម្លោះរបស់ពួកគេនៅតំបន់ហ្កាហ្សា ។
បាតុកម្មនេះ បានកើតឡើងជាមួយនឹងការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ជាទីដែលក្រុមអ្នកតំណាងការហែក្បួន បានផ្តល់សុន្ទរកថា និងបានធ្វើពិធីស្មឹងស្មាធិ៍រយៈពេល ១នាទី ហើយក្រោយពួកគេ បានដង្ហែរក្បួនឆ្ពោះទៅកាន់មូលដ្ឋានយោធា HaKirya ។
ក្រុមបាតុករ បានទាមទារឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងមានបទឈប់បាញ់ដែលនឹងនាំចំណាប់ថ្នូរត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញ ។
លោក Raviv Byron គឺជាបាតុករមួយរូប និយាយថា លោកចង់មើលឃើញការបញ្ចប់សង្រ្គាមនៅហ្កាហ្សា ។ លោកពិតជាគាំទ្រគោលដៅបំផ្លាញក្រុមហាម៉ាស់ ពីព្រោះពួកគេធ្វើរឿងអាក្រក់ ប៉ុន្តែលោកគិតថា ពួកយើងបានធ្វើវារួចហើយ តាមដែលពួកយើងអាចធ្វើទៅបាន ហើយពួកយើងត្រូវតែមានបទឈប់បាញ់ ហើយពួកយើងត្រូវតែបញ្ចប់សង្រ្គាមមួយនេះ និងទទួលបានចំណាប់ថ្នូរត្រឡប់មកវិញ ។
ក្រសួងសុខាភិបាលហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៤៥.៤៨៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១០៨.០៩០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕


