ប្រទេសអាហ្វ្រិកខាងត្បូង បានបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសម៉ូហ្សំប៊ិក ក្នុងពេលមានការតវ៉ាក្រោយការបោះឆ្នោតនៅក្នុងប្រទេសជិតខាងមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយប្រព័ន្ធទំនាក់ទំនងនិងព័ត៌មានរបស់រដ្ឋាភិបាល រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបានសម្តែងការព្រួយបារម្ភរបស់ខ្លួនជុំវិញការតវ៉ាដែលកំពុងបន្តនៅក្នុងផ្នែកមួយចំនួនរបស់ប្រទេសម៉ូហ្សំប៊ិក និងរបាយការណ៍អំពីអ្នកទោសរត់គេចខ្លួនពីពន្ធនាគារមានសន្តិសុខខ្ពស់ ក្នុងអំឡុងពេលនៃភាពចលាចល។

ប្រព័ន្ធទំនាក់ទំនងនិងព័ត៌មានរបស់រដ្ឋាភិបាល បាននិយាយថា «ការវិវឌ្ឍន៍ទាំងនេះ បានបង្កើនការព្រួយបារម្ភក្នុងចំណោមពលរដ្ឋអាហ្វ្រិកខាងត្បូង ទាក់ទងនឹងផលប៉ះពាល់ឆ្លងព្រំដែនដ៏មានសក្តានុពល»។ ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសម៉ូហ្សំប៊ិក បានប្រកាសថា លោក Daniel Chapo បេក្ខជនប្រធានាធិបតីនៃគណបក្សកាន់អំណាច Frelimo ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលដែលបានធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ជនស៊ីវិលជាង១០០នាក់បានស្លាប់ នៅក្នុងភាពវឹកវរក្រោយការបោះឆ្នោត ហើយរាប់រយនាក់បានរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធទំនាក់ទំនងនិងព័ត៌មានរបស់រដ្ឋាភិបាល រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការធានាបានសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនខ្លួន និងរក្សាស្ថិរភាពក្នុងតំបន់។
រចនាសម្ព័ន្ធប្រតិបត្តិការនិងស៊ើបការណ៍រួមរបស់ប្រទេស បានបង្កើនប្រតិបត្តិការរបស់ខ្លួននៅតាមបណ្តោយព្រំដែនអាហ្រ្វិកខាងត្បូង-ម៉ូហ្សំប៊ិក។ វិធានការទាំងនេះមានគោលបំណងការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឱកាសនិយមណាមួយដែលអាចកើតឡើងដែលបណ្តាលមកពីភាពចលាចលទាំងក្នុងអំឡុងពេលនិងក្រោយការតវ៉ា។