ក្រុមឃ្លាំមើល បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរថ្មីរបស់ស៊ីរី បានចាប់ខ្លួនមនុស្សជិត ៣០០នាក់ ក្នុងនោះមានអ្នកស៊ើបការណ៍ យុទ្ធជនគាំទ្ររបប និងអតីតទាហាន ក្នុងការបង្រ្កាបលើក្រុមអ្នកស្មោះត្រង់នឹងអតីតប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញលោក បាសា អាល់អាសាដ (Bashar al-Assad)។

ចាប់តាំងពីក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមឥស្លាមនិយម Hayat Tahrir Al-Sham (HTS) បានផ្តួលរំលំលោក អាសាដ កាលពីបីសប្តាហ៍មុន ដោយបញ្ចប់ការគ្រប់គ្រងជាង ៥ទសវត្សរ៍របស់គ្រួសារនេះ អាជ្ញាធរថ្មីនៅក្នុងប្រទេសស៊ីរី បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការគ្រប់គ្រង។
កងកម្លាំងសន្តិសុខនៃរដ្ឋបាលថ្មី បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយ កាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងកងជីវពលរបស់លោក អាសាដ។

លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលតាមដានស្ថានការណ៍សង្គ្រាម បាននិយាយថា៖«ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ មនុស្សជិត ៣០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងដាម៉ាស (Damascus) និងតំបន់ជាយក្រុងរបស់ខ្លួន ក៏ដូចជានៅទីក្រុង Homs, Hama, Tartus, Latakia និង Deir Ezzor»។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ស៊ីរី SANA ក៏បានរាយការណ៍ពីការចាប់ខ្លួន កាលពីសប្តាហ៍មុន ដោយ ផ្តោតលើ«សមាជិកកងជីវពលរបស់លោក អាសាដ» នៅក្នុងខេត្ត Hama និង Latakia ជាកន្លែងដែលអាវុធ និងគ្រាប់រំសេវ ត្រូវបានរឹបអូស។ ទីភ្នាក់ងារនេះ មិនបានផ្តល់តួលេខណាមួយឡើយ។