កាលពីថ្ងៃអាទិត្យម្សិលមិញ មនុស្សរាប់ម៉ឺនរាប់សែននាក់ នាំគ្នាដង្ហែរក្បួននៅក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ដើម្បីបង្ហាញសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ។
គណបក្ស Jamaat-e-Islami ដែលជាគណបក្សអ៊ិស្លាមដ៏សំខាន់របស់ប្រទេសប៉ាគីស្ថាន បានរៀបចំពិធីជួបជុំគ្នាទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានី Islamabad ។ មេដឹកនាំគណបក្សមួយនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ទទួលស្គាល់ក្រុមហាម៉ាស់ថា ជាកងកម្លាំងយោធាស្របច្បាប់ និងដាក់អ៊ីស្រាអែល នៅឯកោ ។
លោក Hafiz Neem Ur Rehman គឺជាប្រធានគណបក្ស Jamaat-e-Islami និយាយថា ពួកយើងទាមទារឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ទទួលស្គាល់ក្រុមហាម៉ាស់ជាផ្លូវការ ទទួលស្គាល់ស្ថានការរបស់ពួកគេ ថាពួកគេគឺជាកម្លាំងស្របច្បាប់ ថាពួកគេគឺជាកម្លាំងប្រជាធិបតេយ្យ ។
លោកបន្តថា បើសិនជាពួកគេទប់ទល់ជាមួយអាវុធ ធម្មនុញ្ញអង្គការសហប្រជាជាតិ(UN) នឹងអនុញ្ញាតឲ្យពួកគេធ្វើសង្រ្គាមប្រឆាំងជាមួយកម្លាំងកាន់កាប់ បើសិនជាវាឈ្លានពានទឹកដីរបស់ពួកគេ ។ ក្រុមជីហាដហាម៉ាស់ ស្របច្បាប់ ហើយក្រុមជីហាដគឺស្របច្បាប់ សូម្បីនៅលើពិភពលោក ។
យុទ្ធនាការរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៥.៣០០នាក់ ហើយភាគច្រើននៃពលរដ្ឋ ២,៣លាននាក់ នៅក្នុងដែនដីមួយនេះ បានរត់ភ្លៀសខ្លួន ហើយភាគច្រើននៃតំបន់ហ្កាហ្សាក្លាយជាគំនរបាក់បែក ។
សង្រ្គាមមួយនេះ បង្កឡើងដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស ២៥១នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ ៕