អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានព្រមាននៅក្នុងសុន្ទរកថាឆ្នាំថ្មីប្រចាំឆ្នាំរបស់លោក ដែលបានបញ្ចេញនៅថ្ងៃចន្ទនេះថា ពិភពលោកកំពុងប្រឈមបម្រែបម្រួលអាកាសធាតុដ៏គ្រោះថ្នាក់ និងប៉ះពាល់ខ្លាំងបំផុត ។
លោក Guterres និយាយថា ១០ឆ្នាំក្តៅបំផុតនៅលើកំណត់ត្រា បានកើតឡើងក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ រួមទាំងនៅក្នុងឆ្នាំ ២០២៤ ។
អគ្គលេខាធិការ UNរូបនេះ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសម្រាប់អនាគត ជាសញ្ញាមួយនៃក្តីសង្ឃឹម ។
កិច្ចព្រមព្រៀងដែលរួមបញ្ចូលផងដែរឧបសម្ព័ន្ធលើការងារឆ្ពោះទៅរកអនាគតឌីជីថលប្រកបដោយចីរភាព និងការទទួលខុសត្រូវ បានអនុម័តឡើងកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយគ្មានការបោះឆ្នោតនៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ស្តីពីអនាគត ។ កិច្ចព្រមព្រៀងនេះ បានកើតមាន ក្រោយរយៈពេល ៩ខែនៃការចរចា ។
អស់រយៈពេលជាយូរមកហើយដែលលោក Guterres ជំរុញឲ្យមានកិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀង ដែលគ្របដណ្តប់បញ្ហាជាច្រើន រួមទាំងសន្តិភាព និងសន្តិសុខ អភិបាលកិច្ចសកលោក ការអភិវឌ្ឍប្រកបដោយនិរន្តភាព បម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការឌីជីថល សិទ្ធិមនុស្ស សិទ្ធិយ៉េនឌឺ យុវជន និងជំនាន់អនាគត ។ វាលាតត្រដាងពីវិធានការធំៗចំនួន ៥៦ដែលប្រទេសនៅលើពិភពលោកសន្យាសម្រេចឲ្យបាន ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ការកាត់បន្ថយពាក់កណ្តាលនូការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្វើឲ្យឡើងកម្តៅផែនដី នៅឆ្នាំ ២០៣០ គឺចាំបាច់ខ្លាំង ដើម្បីបញ្ឈប់ការឡើងសីតុណ្ហភាពជាង ១,៥អង្សាសេ ៕