ភ្នំពេញ ៖ មន្រ្តីជំនាញវិស័យពន្ធដារថា ការទប់ស្កាត់ និងការស៊ើបអង្កេតបទល្មើសពន្ធដារ គឺជាការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត មានយុត្តិធម៌ដល់អ្នកជាប់ពន្ធដែលមានអនុលោមភាព ការជឿទុកចិត្ត ពីសាធារណៈជន និងការប្រមូលប្រាក់ពន្ធប្រកបដោយបរិយាប័ន្ន។
លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងកម្មវិធីពន្ធដារ ស្តីពីបទល្មើសពន្ធដារ កាលពីថ្ងៃទី ២វិច្ឆិកា ម្សិលមិញនេះថា ការស៊ើបអង្កេតបទល្មើសពន្ធដែលបានអនុវត្តបច្ចុប្បន្ន ជាកត្តាសំខាន់ការតប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង ការស្រាវជ្រាវរកឲ្យឃើញនូវបទល្មើស និងការប្តឹងចោទប្រកាន់ទៅតុលាការជាដើម។
ពាក់ព័ន្ធការអនុវត្តកាតព្វកិច្ចខាងលើនេះ, កត្តាសំខាន់ការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត ដោយអ្នកជាប់ ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើរភាព មានយុត្តិធម៌ដល់អ្នកជាប់ ពន្ធដែលមានអនុលោមភាព ការបង្កើននូវជឿទុកចិត្តពីសាធារណៈជន ចំពោះប្រព័ន្ធពន្ធដារ និងការប្រមូលប្រាក់ពន្ធតាមច្បាប់ឲ្យបានត្រឹមត្រូវមកវិញ។
អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះបុគ្គលដែលប្រព្រិត្តបទល្មើសព្រហ្មទណ្ឌ លើបទបញ្ញត្តិស្តីពីពន្ធដារ ដោយសហការជាមួយកងកំលំាងមានសមត្ថកិច្ច និងស្ថាប័នអនុវត្តដ៏ទៃទៀត សម្រាប់បទល្មើសនេះ ដើម្បីកោះហៅបុគ្គលដែលពាក់ព័ន្ធមកផ្តល់ចម្លើយ និងអាចឈានដល់ការឃាត់ខ្លួនផងដែរ។
ពាក់ព័ន្ធបទល្មើសនេះ, ចំពោះករណីការគិចវេះពន្ធ ច្បាប់នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០ លានរៀល ដល់ ២០ លានរៀល ឬជាប់ពន្ធធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ឬទោសទាំងពីរ។ ចំណែកការធ្វើឲ្យរាំងស្ទុះដល់ការ អនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ ត្រូវរងផ្តន្ទាទោសពិន័យជាប្រាក់ ៥ លានរៀល ទៅដល់ ១០លានរៀល ឬទោសទាំងពីរ ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ នេះវិញ, ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនជិត ៨ ៥៥០ ប៊ីលានរៀល ប្រមាណជាង ២ ១១១ លានដុល្លារអាមេរិក ស្មើជាង ៩៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ៕
អត្ថបទ ៖ សុន រ៉ាឌី
