ប្រធានសន្តិសុខនិងប្រធានអង្គភាពស៊ើបការណ៍របស់ប្រទេសអាល្លឺម៉ង់ បានប្រឈមនឹងការសាកសួរជាច្រើនកាលពីថ្ងៃច័ន្ទ ទី៣០ ខែធ្នូ អំពីការវាយប្រហារដោយបើករថយន្តបុកចូលហ្វូងមនុស្ស បណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ និងជាង ២០០ នាក់រងរបួស នៅផ្សារបុណ្យណូអែល។

ពួកគេត្រូវបានសាកសួរអំពីភស្តុតាងនិងការបរាជ័យផ្នែកសន្តិសុខ មុនពេលការវាយប្រហារកាលពីថ្ងៃទី២០ ខែធ្នូ នៅទីក្រុង Magdeburg ភាគខាងកើត ជាកន្លែងដែលនគរបាលបានចាប់ខ្លួនគ្រូពេទ្យផ្នែកវិកលចរិតជនជាតិអារ៉ាប៊ីសាអូឌីត លោក Taleb al-Abdulmohsen នៅនឹងកន្លែងកើតហេតុ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Nancy Faeser មន្ត្រីរដ្ឋSaxony-Anhalt និងអធិការនគរបាលសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ និងអង្គភាពសេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុក និងបរទេស បានចូលរួមសវនាការរបស់គណៈកម្មាធិការ នៅក្នុងសភា។
លោក Abdulmohsen អាយុ៥០ ឆ្នាំ គឺជាជនសង្ស័យតែម្នាក់គត់នៅក្នុងការវាយប្រហារ ដែលបានបើករថយន្តស្ព័រ BMW ជួលមួយគ្រឿង បុកចូលហ្វូងមនុស្សកំពុងសប្បាយរីករាយ ក្នុងល្បឿនលឿនបណ្តាលឲ្យមានការសម្លាប់រង្គាលដ៏បង្ហូរឈាម។
ក្រុមអ្នកស៊ើបអង្កេតពុំទាន់បានប្រកាសពីមូលហេតុដែលសង្ស័យក្នុងការវាយប្រហារដែលបានប្រើប្រាស់យានយន្តជាអាវុធនៅឡើយ ជាវិធីសាស្រ្តដែលកាលពីពេលមុនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ រួមមាននៅក្នុងទីក្រុងប៊ែរឡាំង និងនៅទីក្រុង Nice របស់ប្រទេសបារាំង កាលពីឆ្នាំ២០១៦។
រដ្ឋអាជ្ញា បាននិយាយថា លោក Abdulmohsen ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងលើបទចោទប្រកាន់ចំនួន៥ករណីនៃឃាតកម្ម និង២០៥ករណីនៃការប៉ុនប៉ងឃាតកម្ម ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានការចោទប្រកាន់ទាក់ទងនឹងសកម្មភាពភេរវកម្មនៅឡើយ។