ជនអន្តោប្រវេសន៍រាប់រយនាក់ បានរង់ចាំក្នុងជួរយ៉ាងវែងនៅខាងក្រៅការិយាល័យអន្តោប្រវេសន៍មួយកន្លែងនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ ដោយសង្ឃឹមថានឹងទទួលបានការឆ្លងកាត់ដោយសុវត្ថិភាពទៅភាគខាងជើង និងចូលទៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែង ក្នុងខែមករា។

លោក Trump គ្រោងនឹងបញ្ចប់កម្មវិធីមនុស្សធម៌របស់លោកប្រធានាធិបតី Joe Biden រួមទាំងកម្មវិធីមួយដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍នៅក្នុងផ្នែកមួយចំនួនក្នុងប្រទេសម៉ិកស៊ិក ធ្វើការណាត់ជួបតាមកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា CBP One ដើម្បីចូលទៅសហរដ្ឋអាមេរិកដោយស្របច្បាប់។

រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានដំណើរការកម្មវិធីបញ្ជូនជនអន្តោប្រវេសន៍ជាមួយកម្មវិធីណាត់ជួប CBP One ដែលត្រូវបានបញ្ជាក់ ពីភាគខាងត្បូងប្រទេសម៉ិកស៊ិកទៅកាន់ព្រំដែនភាគខាងជើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ក្រុមជនអន្ធពាល និងក្រុមឧក្រិដ្ឋកម្មរៀបចំទុក ដែលជំរិតទារប្រាក់ និងចាប់ជំរិតជនអន្តោប្រវេសន៍ ដែលធ្វើដំណើរឆ្លងកាត់ប្រទេស។
កាលពីថ្ងៃច័ន្ទ ជនអន្តោប្រវេសន៍នៅក្នុងទីក្រុង Tapachula ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានរង់ចាំដើម្បីទទួលកៅអីនៅលើរថយន្តក្រុង ហើយបានបង្ហាញភាពធូរស្បើយថា ពួកគេបានរៀបចំការណាត់ជួបតាមកម្មវិធី CBP One សម្រាប់ដើមខែមករា មុនពេល លោក Trump ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែ មករា។
ជនអន្តោប្រវេសន៍រាប់រយពាន់នាក់ អាចចូលទៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ និងទទួលបានប័ណ្ណអនុញ្ញាតការងារ ជាលទ្ធផលនៃកម្មវិធី CBP One និងកម្មវិធីមនុស្សធម៌ផ្សេងទៀតរបស់លោកBiden ។