លោក Mahmoud Qomati អនុប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហេសបូឡា នឹងមិន «នៅស្ងៀមនោះទេ» ប្រសិនបើអ៊ីស្រាអែល មិនដកកងទ័ពចេញពីទឹកដីលីបង់ នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ។

លោក Qomati បានប្រាប់ទូរទស្សន៍ Al-Manar TV ថា «ក្រុមហេសបូឡា ប្តេជ្ញាចិត្តចំពោះបទឈប់បាញ់រយៈពេល៦០ថ្ងៃជាមួយអ៊ីស្រាអែល ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ប៉ុន្តែយើងនឹងមិននៅស្ងៀមទេ ប្រសិនបើអ៊ីស្រាអែល មិនដកកងទ័ពចេញពីទឹកដីលីបង់»។
លោក Qomati បានច្រានចោលការដកហូតអាវុធក្រុមហេសបូឡា ដោយព្រមានថាចំណាត់ការបែបនេះ នឹងនាំឱ្យប្រទេសលីបង់មានភាពវឹកវរ។ លោក បានបញ្ជាក់ថា ក្រុមហេសបូឡា មិនអាចអនុញ្ញាតឱ្យអ៊ីស្រាអែល កាន់កាប់ទឹកដី ឬសាងសង់ទីតាំងលំនៅ ដោយគ្មានការប្រឆាំងឡើយ។

បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសបារាំង បានចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធរយៈពេលជិត ១៤ ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
កិច្ចព្រមព្រៀងនេះ តម្រូវឱ្យអ៊ីស្រាអែល ដកកងទ័ពចេញពីទឹកដីលីបង់ក្នុងរយៈពេល៦០ថ្ងៃ ដោយកងទ័ពលីបង់ ចូលគ្រប់គ្រងសន្តិសុខនៅព្រំដែនលីបង់-អ៊ីស្រាអែល និងនៅភាគខាងត្បូងប្រទេសលីបង់។
ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារតាមអាកាសរាល់ថ្ងៃនៅក្នុងប្រទេសលីបង់ បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។
អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារទាំងនេះ គឺដើម្បីការពារការរំលោភបំពានពីក្រុមហេសបូឡា។