ភ្នំពេញ ៖ ក្រុមហ៊ុនអាម៉េរិក បានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនអាមេរិកធំៗ ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាម៉េរិកបន្តកើនឡើង។
គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដឹកនាំដោយឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។
ក្នុងជំនួបនាឱកាសនោះ ភាគីអាម៉េរិកបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជាដែលទទួលបាន ជោគជ័យក្នុង ការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។
ប្រភពដដែល បានបន្តថា តាមរយៈជំនួបនេះដែរ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់ រដ្ឋាភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្ត ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីស្តារនិងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា ៖ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា។
ទន្ទឹមនេះ ឯកឧត្តម បានលើកទឹកចិត្ត និងបន្តគាំទ្រសម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬ ឯកឧត្តមផ្ទាល់បាន ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សូមជម្រាបជូនថា គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជាង ៥,៥ពាន់លានដុល្លារ កើនឡើងប្រមាណ ២៨.៤៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០៕
អត្ថបទ ៖ បូរ៉ាវី