សហភាពអាហ្រ្វិក បានជំរុញឲ្យប្រទេសអេត្យូពី និងសូម៉ាលី អនុវត្តកិច្ចព្រមព្រៀង «ដោយគ្មានការពន្យារពេល» ដែលមានបំណងបញ្ចប់ភាពតានតឹងរវាងប្រទេសជិតខាងជុំវិញការចូលទៅកាន់សមុទ្ររបស់ប្រទេសអេត្យូពី ដោយហៅកិច្ចព្រមព្រៀងនេះថា ជា «វិធានការដ៏សំខាន់»។
ប្រទេសទាំងពីរ បានឈានដល់ការខ្វែងគំនិតគ្នា ចាប់តាំងពីប្រទេសអេត្យូពីដែលគ្មានព្រំដែនសមុទ្រ បានចុះកិច្ចសន្យា ក្នុងខែមករា ជាមួយនឹងតំបន់បែងចែកគឺសូម៉ាលីឡែន (Somaliland)របស់ប្រទេសសូម៉ាលី ដើម្បីជួលតំបន់ឆ្នេរមួយសម្រាប់ធ្វើកំពង់ផែ និងមូលដ្ឋានយោធា។
ជាថ្នូរនឹងគ្នា ប្រទេសសូម៉ាលីលែន ដែលបានប្រកាសឯករាជ្យពីសូម៉ាលី ក្នុងឆ្នាំ ១៩៩១ ជាការសម្រេច មួយដែលមិនត្រូវបានទទួលស្គាល់ដោយទីក្រុង Mogadishu បាននិយាយថា អេត្យូពីនឹងផ្តល់ឲ្យប្រទេសនេះ នូវការទទួលស្គាល់ជាផ្លូវការ បើទោះបីជាមិនមានការបញ្ជាក់ដោយទីក្រុងអាឌីស អាបេបា (Addis Ababa)ក៏ដោយ។
ប្រទេសសូម៉ាលី បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដែលបានឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញហានិភ័យនៃជម្លោះជាថ្មី ក្នុងតំបន់ដែលកំពុងរង្គោះរង្គើ។
បន្ទាប់ពីកិច្ចចរចាដែលមានសម្របសម្រួលដោយទួរគីជាច្រើនម៉ោង ទីក្រុងអង់ការ៉ា បានប្រកាសកាលពីល្ងាចថ្ងៃពុធថា កិច្ចព្រមព្រៀង «ជាប្រវត្តិសាស្ត្រ» មួយ ត្រូវបានឈានដល់រវាងប្រទេសសូម៉ាលី និងអេត្យូពី។
ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីបេ អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយថា លោកជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយអេត្យូពីទទួលបានសិទ្ធិចូលសមុទ្រ ដែលចង់បានជាយូរមកហើយ។ កិច្ចពិភាក្សាតាមលក្ខណៈបច្ចេកទេស ត្រូវបានគ្រោងធ្វើឡើង នៅឆ្នាំក្រោយ។