ប្រធានាធិបតីចិនលោក Xi Jinping បានគូសបញ្ជាក់ថា គ្មាននរណាម្នាក់អាចរារាំង "ការបង្រួបបង្រួម" របស់ចិនជាមួយកោះតៃវ៉ាន់បានឡើយ ហើយបានអះអាងថា ប្រទេសចិននឹងបន្តកិច្ចខិតខំប្រឹងប្រែង "រណសិរ្សរួបរួម" របស់ខ្លួន។

នៅក្នុងសារឆ្នាំថ្មីរបស់លោកកាលពីថ្ងៃអង្គារ លោក Xi ក៏បានលើកឡើងពីគោលបំណងរបស់ប្រទេសចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិផងដែរ។

មុននេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌា លោក Xu Feihong បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា នៅថ្ងៃចូលឆ្នាំសកល លោកប្រធានាធិបតីចិន Xi Jinping បានផ្ញើសារឆ្នាំថ្មី២០២៥ របស់លោកតាមរយៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ China Media Group និងអ៊ីនធឺណិត ។
លោក Xi Jinping បាននិយាយថា យើងជាជនជាតិចិននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិតែមួយ និងគ្រួសារតែមួយ។ គ្មាននរណាម្នាក់អាចផ្តាច់ចំណងមិត្តភាពរវាងយើងបានឡើយ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់ការបង្រួបបង្រួមរបស់ចិនឡើងវិញបានជាដាច់ខាត។
គួររម្លឹកថានៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកកាលពីឆ្នាំមុន លោក Xi បាននិយាយថា "ការបង្រួបបង្រួម" របស់ចិនជាមួយតៃវ៉ាន់គឺជៀសមិនរួច ហើយប្រជាជនទាំងសងខាង "គួរតែត្រូវបានចងភ្ជាប់ដោយសុភវិនិច្ឆ័យនៃគោលបំណង និងចែករំលែកនៅក្នុងភាពរុងរឿងនៃការស្តារប្រជាជាតិចិនឡើងវិញ ៕