នគរបាលអាល្លឺម៉ង់ បានប្រាប់ឲ្យដឹងតាមរយៈតួលេខបឋមថា មនុស្ស ៥នាក់ បានបាត់បង់ជិវិត នៅទូទាំងប្រទេសអាល្លឺម៉ង់ ហើយមន្ត្រីនគរបាលម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារឧបទ្ទវហេតុ ទាក់ទងនឹងកាំជ្រួចភ្ញីកម្លាំងផ្ទុះខ្លាំង ដែលជនជាតិអាល្លឺម៉ង់បានដុតជាប្រពៃណី ដើម្បីអបអរឆ្នាំថ្មី។
ប្រជាជនអាល្លឺម៉ង់ អបអរឆ្នាំថ្មីជាមួយនឹងការប្រើប្រាស់កាំជ្រួចភ្ញីកម្លាំងផ្ទុះខ្លាំង ដែលជំរុញឲ្យមានការជជែកដេញដោលឡើងវិញ អំពីការហាមឃាត់លើឧបករណ៍ដែលមានកម្លាំងផ្ទុះខ្លាំងបំផុតនេះ ដោយសារចំនួនអ្នករងរបួសកើនខ្ពស់ជារៀងរាល់ឆ្នាំ ក៏ដូចជាការបង្កកខ្វក់ និងសំឡេងខ្ទរខ្លាំង ដែលបង្កឡើងដោយការដុតកាំជ្រួចនេះ។
អ្នកនាំពាក្យនគរបាល លោក Florian Nath បាននិយាយថា មន្ត្រីអនុវត្តច្បាប់ចំនួន ១៣នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ពីកាំជ្រួច ដែលត្រូវបានដុតស្វាគមន៍ឆ្នាំ២០២៥ ក្នុងនោះមានម្នាក់របួសធ្ងន់។
នគរបាលអាល្លឺម៉ង់ បានប្រាប់ឲ្យដឹងថា មនុស្សប្រហែល ៣៣០នាក់ ត្រូវបានឃុំខ្លួន នៅរដ្ឋធានីប៊ែរឡាំងពេញមួយយប់ ដោយបន្ថែមថា វាផ្ទុយពីឆ្នាំមុនៗ «មិនមានអំពើហិង្សា ឬឧបទ្ទវហេតុធំណាមួយកើតឡើងឡើយ»៕

