យោងតាមការិយាល័យស្ថិតិកណ្តាលរបស់ប៉ាឡេស្ទីន (PCBS) បានឱ្យដឹងថា ចំនួនប្រជាជននៅតំបន់ហ្កាហ្សា បានធ្លាក់ចុះ ៦% ចាប់តាំងពីសង្រ្គាមជាមួយអ៊ីស្រាអែល បានចាប់ផ្តើមជិត ១៥ខែមុនមក ខណៈជនជាតិប៉ាឡេស្ទីនប្រហែល ១០០.០០០នាក់ បានចាកចេញពីតំបន់នេះ និងជាង ៥៥.០០០នាក់ ត្រូវបានគេសន្មតថាស្លាប់។

ការិយាល័យ PCBS នេះបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤៥.៥០០នាក់ ដែលច្រើនជាងពាក់កណ្តាលនៃអ្នកទាំងនោះគឺជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ប៉ុន្តែ ១១.០០០នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។

PCBS បន្តថា ដូច្នេះចំនួនប្រជាជននៃតំបន់ហ្កាហ្សា បានធ្លាក់ចុះប្រហែល ១៦០.០០០នាក់ ក្នុងអំឡុងពេលនៃសង្រ្គាម ដល់តួលេខ ២,១លាននាក់ ដែលមានកុមារសរុបច្រើនជាងមួយលាននាក់ ឬប្រហែល ៤៧% មានអាយុក្រោម ១៨ឆ្នាំ។
ចំពោះតួលេខអ្នកស្លាប់ដ៏សន្ធឹកនោះ ក្រសួងការបរទេសអ៊ីស្រាអែល និយាយថា ទិន្នន័យ PCBS ត្រូវបានបង្កើតឡើង បំប៉ោង និងរៀបចំដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ៊ីស្រាអែល។ គួរបញ្ជាក់ថា អ៊ីស្រាអែល បានប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ដោយសារទំហំនៃការស្លាប់ និងការបំផ្លិចបំផ្លាញដ៏លើសលប់នេះ៕