ក្រុមគ្រូពេទ្យ និយាយថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១០នាក់ នៅក្នុងជំរំសំពត់តង់ផ្តល់ជាទីជម្រកដល់គ្រួសារជម្លៀសខ្លួននៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប នាព្រឹកទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ ។
យោងតាមការអះអាងរបស់គ្រូពេទ្យ បានឲ្យដឹងថា មនុស្ស ១០នាក់ រួមទាំងស្រ្តី និងកុមារ ត្រូវបានសម្លាប់ក្នុងជំរំសំពត់តង់នៅតំបន់ Al-Mawasi ដែលត្រូវបានគេចាត់ទុកថាជាតំបន់មនុស្សធម៌ ស្ថិតនៅភាគលិចទីក្រុង Khan Younis ។
ពួកគេបន្តថា មនុស្ស ១៥នាក់ផ្សេងទៀត បានរងរបួស ហើយអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ។
ទូរទស្សន៍ Al-Aqsa ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ រាយការណ៍ថា ប្រធាននាយកដ្ឋាននគរបាលតំបន់ហ្កាហ្សាលោក Mahmoud Salah និងជំនួយការរបស់លោក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសនេះ ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៥.៥០០នាក់នៅក្នុងសង្រ្គាមហ្កាហ្សា ៕