រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជាឲ្យផ្អាកប្រតិបត្តិការរយៈពេល ៦ខែ សម្រាប់ក្រុមហ៊ុនដែលនៅតែបន្តបាញ់កាំជ្រួចភ្ញី នៅទន្លេ Han (Han River) ទោះបីជាមានការស្នើសុំពីរដ្ឋធានីរបស់កូរ៉េខាងត្បូងឲ្យលុបចោលព្រឹត្តិការណ៍នេះ បន្ទាប់ពីមានសោកនាដកម្មអាកាសចរណ៍ក្នុងស្រុកដ៏អាក្រក់បំផុតរបស់ប្រទេសក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ទីក្រុងនេះបានឲ្យដឹងថា៖ «យើងបានសម្រេចចាត់វិធានការយ៉ាងខ្លាំងក្លាលើក្រុមហ៊ុន Hyundai Cruise ដែលបានបន្តព្រឹត្តិការណ៍បាញ់កាំជ្រួចភ្ញី នៅលើនាវាទេសចរណ៍ ក្នុងទន្លេ Han»។

ទីក្រុងបានស្នើសុំក្រុមហ៊ុន នៅម៉ោងប្រហែល ២:៤០រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃទី២៩ ខែធ្នូ ឲ្យលុបចោលព្រឹត្តិការណ៍ដែលគ្រោងធ្វើនៅល្ងាចនោះ ដោយលើកឡើងពីបរិយាកាសក្រៀមក្រំ ជុំវិញហេតុការណ៍សោកនាដកម្ម នៅអាកាសយានដ្ឋាន Muan។ ទោះបីជាមានការស្នើសុំនេះក៏ដោយ ក៏ក្រុមហ៊ុន Hyundai Cruise បានប្រារព្ធកម្មវិធីបាញ់កាំជ្រួចភ្ញី នៅវេលាម៉ោង ៦:៣០ល្ងាច (ម៉ោងក្នុងស្រុក) ដោយលើកឡើងពីការលំបាក ក្នុងការលុបចោលព្រឹត្តិការណ៍ដែលមានការកក់ទុកជាមុននេះ។
បន្ទាប់ពីមានការរិះគន់ជាសាធារណៈ ក្រុមហ៊ុនបានចេញមកសុំអភ័យទោស។ ក្រុមហ៊ុនបានរៀបរាប់ថា៖ «ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅ ទោះបីជាមានការស្នើសុំពីទីក្រុងសេអ៊ូលក៏ដោយ គួរតែត្រូវបានលុបចោល។ យើងសូមអភ័យទោស ចំពោះការបន្តព្រឹត្តិការណ៍នេះ និងបង្កជាបញ្ហា ក្នុងពេលវេលានៃការកាន់ទុក្ខជាតិនេះ»៕

