មន្ត្រីបាននិយាយថា មនុស្ស២នាក់បានស្លាប់ និង១៨នាក់ បានរងរបួស នៅពេលដែលយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ទៅលើឃ្លាំងពាណិជ្ជកម្មមួយកន្លែង នៅជិតអាកាសយានដ្ឋានទីក្រុង Fullerton រដ្ឋការលីហ្វ័រនីញ៉ាភាគខាងត្បូង ហើយបានឆាបឆេះ។

វីដេអូកាមេរ៉ាសុវត្ថិភាព ថតបានដុំភ្លើងដែលកំពុងផ្ទុះ នៅពេលដែលយន្តហោះបានប៉ះនឹងដំបូលអគារ ដោយបានបង្កឲ្យមានពពកផ្សែងខ្មៅដ៏ក្រាស់ និងអណ្តាតភ្លើងនៅលើអាកាស។

ហេតុការណ៍ធ្លាក់យន្តហោះនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោង២:០៩នាទី រសៀល ម៉ោងក្នុងស្រុក ដោយជំរុញឱ្យមានការជម្លៀសមនុស្សជាង១០០នាក់ចេញពីខាងក្នុងអគារ និងបង្កើតទីតាំងមួយនៅក្បែរនោះ ដើម្បីព្យាបាលអ្នករងរបួស។
ការធ្លាក់យន្តហោះ បានកើតឡើងក្នុងចម្ងាយប្រហែលកន្លះម៉ាយស៍ពីអាកាសយានដ្ឋាន Fullerton ហើយទីភ្នាក់ងារអាកាសចរណ៍ បានកំណត់អត្តសញ្ញាណយន្តហោះនោះថាជាយន្តហោះ Van's RV-10 មានម៉ាស៊ីនតែមួយ។