យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានឱ្យដឹងថា កងកម្លាំងស៊ីរី បានធ្វើការត្រួតពិនិត្យសន្តិសុខនៅក្នុងទីក្រុង Homs ឆែកឆេររកអ្នកប្រយុទ្ធគាំទ្រលោក Assad និងអាវុធ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា។
ការស្វែងរក ត្រូវបានធ្វើឡើងដោយអ្នកប្រយុទ្ធមកពីក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) ដែលបានដឹកនាំយុទ្ធនាការបណ្តេញលោក Assad ចេញពីតំណែងកាលពីខែមុន។

ប្រតិបត្តិការកាលពីថ្ងៃព្រហស្បតិ៍ រួមមានការឆែកឆេររកមើលតាមលំនៅឋាន និងការកំណត់អត្តសញ្ញាណពលរដ្ឋ ដែលត្រូវបានធ្វើឡើងនៅក្នុងសង្កាត់ចំនួនពីររបស់ទីក្រុង Homs មានសង្កាត់ Wadi al-Dahab និងសង្កាត់ Akrama ។

ទីភា្នក់ងារសារព័ត៌មាន SANA បានដកស្រង់សម្តីមន្ត្រីសន្តិសុខម្នាក់ដែលបាននិយាយថា ប្រតិបត្តិការនេះ មានគោលបំណងស្វែងរក «ឧក្រិដ្ឋជនសង្គ្រាម» និង «អ្នករត់គេចខ្លួនពីច្បាប់» ព្រមទាំងអាវុធដែលត្រូវបានលាក់ទុក ផងដែរ។
ចាប់តាំងពីក្រុម Hayat Tahrir al-Sham បានដណ្តើមការគ្រប់គ្រងប្រទេសស៊ីរី កាលពីដើមខែធ្នូ ក្រុមនេះបានបញ្ជាឱ្យសមាជិកទាំងអស់របស់អតីតកងកម្លាំងសន្តិសុខរបស់លោក Assad ប្រគល់អាវុធរបស់ពួកគេ និងចុះចាញ់ក្រុមអ្នកប្រយុទ្ធអ៊ីស្លាមនិយម បើមិនដូច្នេះទេនឹងប្រឈមការកាត់ទោស។