ភ្នំពេញ៖ ឆ្នាំមុនបានមើលឃើញការបើកសម្ពោធអគារខ្ពស់បំផុតទីពីររបស់ពិភពលោក និងការប្រកាសអំពីគម្រោងធំៗជាច្រើននៅទីក្រុងនាពេលអនាគតរាប់មិនអស់ ខណៈក្នុងឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំពោរពេញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងសមត្ថភាពដ៏ល្អឯកផ្នែកវិស្វកម្ម។
រាប់ចាប់ពីអគារឈើប្រកបដោយភាពច្នៃប្រឌិត រហូតដល់អាកាសយានដ្ឋានថ្មីៗដ៏ធំបំផុតរបស់អាស៊ី គម្រោងចំនួន១១ ដែលបើកដំណើរការក្នុងរយៈពេល ១២ខែខាងមុខនេះ នឹងកំណត់ពីភាពលេចធ្លោនៃពិភពលោកកាន់តែខ្លាំង។ យោងតាមសារព័ត៌មាន CNN ស្ថាបត្យកម្មដ៏ពេញនិយមបំផុតមួយក្នុងចំណោមនោះ គឺព្រលានយន្តហោះអន្តរជាតិតេជោ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាកំពុងជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្នរបស់ខ្លួន ជាមួយនឹងស្ថាបត្យកម្មថ្មីមួយដែលអាចទទួលភ្ញៀវទេសចរបានដល់ទៅ ៦ដង។ ផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំ ១៣លាននាក់ នឹងត្រូវបង្កើនដល់ ៣០លាននាក់។
ព្រលានយន្តហោះ ដែលមានទីតាំងស្ថិតនៅក្នុងចម្ងាយជិត ២០គីឡូម៉ែត្រ ភាគខាងត្បូងពីចំណុចកណ្តាលទីក្រុង នឹងក្លាយជាអគារមួយក្នុងចំណោមអគារធំបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមបណ្ដាញស្ថាបត្យករ Foster + Partners បានឱ្យដឹងថា គម្រោងបង្កើតថាមពលតាមរយៈកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែង ក៏បានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងចំណោមតំបន់ដែលគិតគូរដល់បរិស្ថានកម្រិតខ្ពស់បំផុតរបស់ពិភពលោកផងដែរ។
ជាមួយនឹងទម្រង់បែបបទដែលត្រូវបានបំផុសគំនិតដោយការរចនាបទប្រពៃណីខ្មែរ ដំបូលព្រលានត្រូវបានលម្អដោយរចនាសម្ព័ន្ធ "ដើមឈើ" ជាបន្តបន្ទាប់ ដោយដើមឈើពិតក៏នឹងត្រូវដាក់តាមចន្លោះកណ្តាលដ៏ធំ។ គំរូរឌីជីថលបង្ហាញពីស្រទាប់ស្រោបដែកថែបក្រឡាចត្រង្គនៃរចនាសម្ព័ន្ធដែលត្រងពន្លឺថ្ងៃ និងបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិត្រូពិកបៃតង ខណៈអ្នកដំណើរចូលតាមច្រកទ្វារដែលរចនាដូចស្លាបរាងដូចយន្តហោះចំនួនពីរ។
ស្ថាបត្យកម្មធំៗផ្សេងទៀតរួមមាន ផ្សារត្រីដ៏ធំ New Sydney Fish Market នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី, ពន្លាតាមផ្លូវសាធារណៈដ៏ធំ Grand Ring នៅអូសាកា របស់ជប៉ុន, អគារសាកលវិទ្យាល័យ Oxford ឈ្មោះ Life and Mind Building របស់ចក្រភពអង់គ្លេស, សាលារៀនកាណាដា Canadian School នៅក្រុង Cholula ប្រទេសម៉ិកស៊ិក, អគារស្ថានីយ៍ខាងត្បូង South Station Tower នៅទីក្រុងបូស្តុន របស់អាមេរិក, អគារ Goethe-Institut នៅសេណេហ្គាល់, អគារ Urban Glen ពោរពេញដោយសួនច្បារបៃតងដ៏ស្រស់ស្អាតនៅទីក្រុងហាងចូវ ប្រទេសចិន, រថភ្លើងក្រោមដី Riyadh នៅទីក្រុងរីយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីត, មជ្ឈមណ្ឌលពាណិជ្ជកម្ម Skypark ក្នុងប្រទេសលុចសំបួ និងស្ពាន តានជាំង (Danjiang) ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់៕





