នគរបាលក្នុងប្រទេសកូរ៉េខាងត្បូង បានហាមឃាត់លោក Kim E-bae នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air មិនឱ្យចាកចេញពីប្រទេស ស្របពេលការស៊ើបអង្កេតលើគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតមិនធ្លាប់មាននៅលើទឹកដីកូរ៉េខាងត្បូង។

ជំហាននេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ (០២ មករា) ខណៈអាជ្ញាធរអាកាសចរណ៍ បានបង្កើនការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះ Jeju Air កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ១៧៩នាក់ ក្នុងចំណោម ១៨១នាក់នៅលើយន្តហោះ ហើយនគរបាលលចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេមានគម្រោង "កំណត់យ៉ាងរហ័ស និងហ្មត់ចត់អំពីមូលហេតុ និងរកអ្នកទទួលខុសត្រូវ" សម្រាប់គ្រោះថ្នាក់នេះ។

អាជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃពុធ បាននិយាយថា ពួកគេបានទាញយកទិន្នន័យដំបូងពីប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅពីរ របស់យន្តហោះ Boeing 737-800 ហើយមួយទៀតត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគដោយសារតែការខូចខាតនៅក្នុងសោកនាដកម្មនោះ។
ទិន្នន័យដំបូងទាំងអស់នឹងអនុញ្ញាតឱ្យអាជ្ញាធរស្ដាប់ការសន្ទនានៅក្នុងយន្តហោះ Jeju Air នៅមុនពេលជួបគ្រោះថ្នាក់ ប៉ុន្តែមិនមែនមានន័យថាអាចរកឃើញមូលហេតុនៃការធ្លាក់ភ្លាមៗនោះទេ៕