ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump និងទីប្រឹក្សាជាន់ខ្ពស់ ១រូប ទំនងជាទម្លាក់កំហុសទៅលើជនអន្តោប្រវេសន៍ សម្រាប់ហេតុការណ៍សម្លាប់រង្គាលថ្ងៃចូលឆ្នាំសកល នៅទីក្រុង New Orleans ដោយបានភ្ជាប់ «អំពើភេរវកម្មរ៉ាឌីកាល់ឥស្លាម» ទៅនឹងអាទិភាពនយោបាយមួយ ក្នុងចំណោមគោលនយោបាយធំចម្បងៗរបស់លោក។
ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធ បានប្រាប់ឲ្យដឹងថា ជនសង្ស័យនៅក្នុងការវាយប្រហារ នាទីក្រុង New Orleans ឈ្មោះ Shamsud-Din Jabbar ដែលបានសម្លាប់មនុស្ស ១៤នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស គឺជាពលរដ្ឋអាមេរិកកើតនៅរដ្ឋ Texas និងជាទាហានជើងចាស់។ នគរបាលបានបាញ់សម្លាប់ជនបង្កហេតុ បន្ទាប់ពីរូបគេបានបើកឡានដឹកទំនិញដែលមានទង់ជាតិរបស់រដ្ឋឥស្លាម ISIS បំបុកចូលហ្វូងមនុស្សនៅថ្ងៃចូលឆ្នាំសកល កាលពីព្រឹកថ្ងៃពុធ (ទី១ ខែមករា)។

គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) អ្នកស៊ើបអង្កេតសហព័ន្ធមិនបានភ្ជាប់ទំនាក់ទំនងណាមួយ រវាងជនសង្ស័យភេរវករ ក្នុងហេតុការណ៍ នៅទីក្រុង New Orleans នេះ និងព្រំដែនអាមេរិក-ម៉ិកស៊ិក ឬជនអន្តោប្រវេសន៍នោះឡើយ។
ប៉ុន្តែតាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម Truth Social របស់លោក ក្រោយការវាយប្រហារនោះ លោក Trump បានភ្ជាប់ការសម្លាប់រង្គាលទៅនឹង «ឧក្រិដ្ឋជនដែលចូលមកក្នុងប្រទេសអាមេរិក ហើយបានភ្ជាប់ទំនាក់ទំនងរវាង «ភេរវកម្មរ៉ាឌីកាល់ឥស្លាម» និងជនអន្តោប្រវេសន៍។
ដោយបន្ទោសលើអ្វីដែលលោកហៅថា ជាគោលនយោបាយ «បើកចំហព្រំដែន» របស់ប្រធានាធិបតី លោក Joe Biden លោក Trump បានលើកឡើងថា «អំពើភេរវកម្មរ៉ាឌីកាល់ឥស្លាម និងទម្រង់នៃឧក្រិដ្ឋកម្មហិង្សាផ្សេងទៀត នឹងក្លាយជាអាក្រក់ខ្លាំងឡើងៗ នៅអាមេរិក ដែលវាពិបាកនឹងស្រមៃ ឬជឿបាន»៕


